កូរ៉េខាងត្បូងទាមទារឱ្យអ៊ុយក្រែនបកស្រាយ និងសុំទោស ជុំវិញការបង្ហាញព័ត៌មានផ្ទេរឈ្លើយសឹកកូរ៉េខាងជើង


ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានទាមទារឱ្យអ៊ុយក្រែនផ្ដល់ការបកស្រាយ និងសុំទោសជាផ្លូវការ ដោយចោទប្រកាន់ទីក្រុងកៀវថា បានបង្ហាញព័ត៌មានអំពីការផ្ទេរឈ្លើយសឹកកូរ៉េខាងជើងពីរនាក់មកកាន់កូរ៉េខាងត្បូង ហើយក្រោយមកបានបដិសេធថា ភាគីទាំងពីរមិនបានព្រមព្រៀងរក្សារឿងនេះជាការសម្ងាត់។

លោក Seong Ghi-hong លេខាធិការជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងសាធារណៈនៃការិយាល័យប្រធានាធិបតី បានថ្លែងកាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ថា កូរ៉េខាងត្បូងសោកស្ដាយយ៉ាងខ្លាំងចំពោះការបង្ហាញព័ត៌មានជាឯកតោភាគីរបស់អ៊ុយក្រែន និងការប្រកាសមិនពិតថា មិនមានកិច្ចព្រមព្រៀងរក្សាការសម្ងាត់។ លោកបន្ថែមថា រដ្ឋាភិបាលកំពុងពិនិត្យលទ្ធភាពចាត់វិធានការបន្ថែម ប្រសិនបើចាំបាច់។

បើតាមលោក Seong អ៊ុយក្រែនបានពិភាក្សាជាមួយទីក្រុងសេអ៊ូលជាច្រើនលើកអំពីការផ្ទេរនេះ និងបានស្នើឱ្យរក្សាការសម្ងាត់ ដើម្បីជៀសវាងការរិះគន់ក្នុងប្រទេសថា ទីក្រុងកៀវបានបាត់បង់ឱកាសប្រើទាហានទាំងពីរនាក់ដើម្បីដោះដូរជាមួយឈ្លើយសឹកអ៊ុយក្រែន។ កូរ៉េខាងត្បូងក៏បានយល់ព្រម ដោយគិតគូរពីបញ្ហាសន្តិសុខ ការទូត មនុស្សធម៌ និងសុវត្ថិភាពរបស់ឈ្លើយសឹកទាំងពីរ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។

ទោះជាយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញព័ត៌មាននេះក្នុងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា ទាហានកូរ៉េខាងជើងពីរនាក់ដែលត្រូវបានចាប់ខ្លួន ខណៈកំពុងប្រយុទ្ធឱ្យរុស្ស៊ី ត្រូវបានផ្ទេរទៅកូរ៉េខាងត្បូង។ ក្រោយមក អ៊ុយក្រែនបានបដិសេធថា មិនមានកិច្ចព្រមព្រៀងរក្សាការសម្ងាត់ឡើយ។

គួរបញ្ចាក់ថា ទាហានទាំងពីរនាក់ត្រូវបានអ៊ុយក្រែនចាប់ខ្លួននៅតំបន់ Kursk របស់រុស្ស៊ី កាលពីខែមករា ឆ្នាំ២០២៥ និងបានបង្ហាញបំណងចង់ទៅកូរ៉េខាងត្បូង។ ដោយឡែក ទីក្រុងសេអ៊ូលចាត់ទុកការបដិសេធរបស់អ៊ុយក្រែនថា បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្ត និងអាចធ្វើឱ្យខូចទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ប្រភព៖ CNA