សម្ដេចមហាបវរធិបតី៖ «បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយយកមកប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងប្រទេសណាមួយនោះទេ»!


ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយសង្កត់ធ្ងន់ថា គោលបំណងនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានយកមកធ្វើជាលេសសម្រាប់វាយប្រហារ ឬកាន់កាប់ដែនអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀតឡើយ ព្រោះបញ្ជាក់ពីការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍នៃច្បាប់អន្តរជាតិ។

ក្នុងឱកាសនេះ សម្ដេចធិបតីបានលើកឡើងថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយយកមកប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងប្រទេសណាមួយនោះទេ ព្រោះបញ្ជាក់ពីការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍នៃច្បាប់អន្តរជាតិ។ ក្នុងនោះសម្ដេចធិបតីបានបន្តថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឱ្យមានការចាត់ទុកបញ្ហានេះជាអាទិភាពកំពូលមួយនៃសន្តិសុខជាតិ។

ក្នុងន័យនេះ សម្ដេចបានមានប្រសាសន៍ថា ការបង្កើតឱ្យមានស្ថាប័នកណ្តាល និងគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិតជាមានសារៈសំខាន់ក្នុងការសម្របសម្រួលការចែករំលែកព័ត៌មានចារកម្មហិរញ្ញវត្ថុ ការអនុវត្តច្បាប់ ព្រមទាំងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់ភាគីពាក់ព័ន្ធ។

បន្ថែមលើនេះ សម្ដេចធិបតីបានគូសបញ្ជាក់ថា ចាំបាច់ត្រូវមានការគាំទ្រដោយច្បាប់ ដោយផ្ដោតលើបណ្ដាញឧក្រិដ្ឋជនទាំងមូល។ ជាមួយគ្នានេះ អាជ្ញាធរត្រូវតែសម្របខ្លួនឱ្យបានឆាប់រហ័សទៅនឹងការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់បណ្ដាញឧក្រិដ្ឋជន ដែលកាន់តែប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវិធីសាស្ត្រស្មុគស្មាញក្នុងការប្រព្រឹត្តបទល្មើស។

ទន្ទឹមនឹងនេះ សម្ដេចធិបតីបានលើកឡើងថា យុទ្ធសាស្ត្រអនុវត្តច្បាប់ត្រូវងាកទៅរកការត្រួតពិនិត្យយ៉ាងតឹងរឹងលើបញ្ហាអន្តោប្រវេសន៍ ការប្រមូលព័ត៌មានសម្ងាត់តាមប្រព័ន្ធឌីជីថលជាបន្តបន្ទាប់ និងការចុះត្រួតពិនិត្យផ្ទាល់នៅតាមទីតាំងជាក់ស្តែង។ ជាពិសេស ស្ថាប័នអនុវត្តច្បាប់ត្រូវតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច។

ក្នុងន័យនេះ សម្ដេចធិបតីបានបន្ថែមថា សកម្មភាពឆបោកឆ្លងដែនភាគច្រើនពឹងផ្អែកលើការជួញដូរមនុស្ស ការជ្រើសរើសបុគ្គលិកដោយការបោកបញ្ឆោត និងការបង្ខំឱ្យប្រព្រឹត្តបទល្មើស។ ដូច្នេះ ត្រូវធានាថា ជនរងគ្រោះទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណត្រឹមត្រូវ ទទួលបានការការពារ និងបែងចែកឱ្យដាច់ពីក្រុមឧក្រិដ្ឋជន ព្រមទាំងទទួលបានជំនួយមនុស្សធម៌ និងការបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។

សម្ដេចធិបតីបានបញ្ជាក់ថា បណ្ដាញឧក្រិដ្ឋកម្មមានសាមគ្គីភាពរឹងមាំ ដោយសារផលប្រយោជន៍ហិរញ្ញវត្ថុដ៏មហាសាល និងការគាំទ្រពីបច្ចេកវិទ្យាទំនើបៗ។ ដូច្នេះដើម្បីឆ្លើយតបនឹងបញ្ហានេះ សាមគ្គីភាពកម្រិតអន្តរជាតិរបស់យើងត្រូវតែមានភាពរឹងមាំជាងក្រុមឧក្រិដ្ឋជន ដោយគួរមានការគាំទ្រពីយន្តការអនុវត្តច្បាប់ទំនើបប្រកបដោយប្រសិទ្ធិភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីពាក់ព័ន្ធពិតប្រាកដ។

សូមបញ្ជាក់ជូនថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងមានលក្ខណៈឆ្លងដែន និងគម្រាមកំហែងពិភពលោកយ៉ាងធ្ងន់ធ្ងរ។