ក្រសួងពាណិជ្ជកម្ម និងក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សាររុស្ស៊ី
ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានជួបពិភាក្សាការងារជាមួយ លោក Vladimir Ilichyov អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសហព័ន្ធរុស្ស៊ី ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។



នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីយន្តការនានា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី ឱ្យកាន់តែមានភាពស៊ីជម្រៅ។ ក្នុងនោះ ភាគីទាំងពីរ បានផ្តោតការយកចិត្តទុកដាក់លើការជំរុញការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សាររុស្ស៊ី ព្រមទាំងបានលើកទឹកចិត្តឱ្យធុរជននៃប្រទេសទាំងពីរ ស្វែងយល់ពីឱកាសវិនិយោគទៅវិញទៅមក។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការបន្តគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម















