ក្រឡាប់ឡានដឹកកម្មករនៅថៃ បណ្ដាលឱ្យរងរបួសធ្ងន់ជាច្រើននាក់!


ឈុនបុរី៖ មនុស្សចំនួន ១១នាក់បានរងរបួសធ្ងន់ បន្ទាប់ពីរថយន្តដឹកកម្មករប្រភេទ ៦កង់មួយគ្រឿង បានក្រឡាប់នៅលើផ្លូវលេខ ៣៦ ក្នុងស្រុក Bang Lamung ខេត្តឈុនបុរី ប្រទេសថៃ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចគីឡូម៉ែត្រលេខ ៣+៦០០ ក្នុងភូមិលេខ៣ ឃុំ Nong Pla Lai លើកំណាត់ផ្លូវ Krating Lai–Rayong ក្នុងទិសដៅទៅកាន់ទីក្រុង Pattaya។ បន្ទាប់ពីទទួលបានព័ត៌មានអំពីគ្រោះថ្នាក់ ក្រុមសង្គ្រោះមកពីមូលនិធិ Sawang Boriboon Thammasathan នៅទីក្រុង Pattaya បានចុះអន្តរាគមន៍ភ្លាមៗ ដោយនាំយករថយន្តសង្គ្រោះ ឧបករណ៍សង្គ្រោះ និងក្រុមអ្នកស្ម័គ្រចិត្តទៅកាន់កន្លែងកើតហេតុផងដែរ។

យ៉ាងណាមិញនៅកន្លែងកើតហេតុ ទទួលបានព័ត៌មានថា រថយន្តដឹកកម្មករដែលមានស្លាកលេខចុះបញ្ជីនៅខេត្ត Maha Sarakham ត្រូវបានរកឃើញក្រឡាប់នៅលើចិញ្ចើមផ្លូវខាងឆ្វេង។ ក្រុមសង្គ្រោះបានរកឃើញអ្នករងរបួសចំនួន ១១នាក់ ក្នុងនោះមានបុរស ៩នាក់ និងស្ត្រី ២នាក់ ដែលរងរបួសក្នុងកម្រិតផ្សេងៗគ្នា ចាប់ពីស្រាលរហូតដល់ធ្ងន់ធ្ងរពិបាកសន្មត់ថានៅរស់រានមានជីវិតឬអត់? ដោយឡែក អ្នករងរបួសស្រាល ត្រូវបានផ្តល់ជំនួយបឋមនៅនឹងកន្លែង មុនបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យចំនួន៣ខាងលើ ដើម្បីទទួលការព្យាបាល។

តាមការបញ្ជាក់របស់លោក Chaiya Mayotha ដែលមានអាយុ ៥៦ឆ្នាំ ជាអ្នកបើកបររថយន្តនោះផ្ទាល់បានឱ្យដឹងថា លោកបានដឹកកម្មករពីខេត្ត Rayong ទៅកាន់ក្រុមហ៊ុនមួយនៅស្រុក Si Racha ខេត្តឈុនបុរី។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ផ្លូវមានសភាពរអិល ហើយរថយន្តបានចាប់ផ្តើមរេចង្កូតទៅខាងស្តាំ ខណៈពេលមានរថយន្តភីកអាប់មួយគ្រឿងទៀតក៏កំពុងធ្វើដំណើរនៅគន្លងខាងស្តាំដែរ។ លោកបានបញ្ជាក់ថា ដើម្បីចៀសវាងបុកជាមួយរថយន្តភីកអាប់ លោកបានបង្វិលចង្កូតត្រឡប់មកខាងឆ្វេងវិញ បណ្តាលឱ្យរថយន្តបាត់បង់លំនឹង និងក្រឡាប់ចេញពីផ្លូវ។

ក្រោយកើតហេតុ កម្លាំងនគរបាលស្រុក Bang Lamung បានចុះពិនិត្យកន្លែងកើតហេតុ និងប្រមូលភស្តុតាងពាក់ព័ន្ធ។ សមត្ថកិច្ចគ្រោងនឹងសាកសួរអ្នកបើកបរ អ្នករងរបួស និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីកំណត់មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ និងចាត់វិធានការតាមផ្លូវច្បាប់ជាបន្តទៀត។

ប្រភព៖ Khaosod