នៅកំពង់ធំ! ល្បីរឿងស្ត្រីម្នាក់តាំងខ្លួនជា «ព្រះម៉ែបារមី» ពេលនេះត្រូវបានរដ្ឋបាលខេត្ត កោះហៅមកធ្វើកំណត់ហេតុហើយ!


ភ្នំពេញ៖ យោងតាមបណ្ដាញផ្សព្ធផ្សាយផ្លូវការរបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រោយសង្កេតឃើញល្បីរឿងលោកស្រីម្នាក់ ដែលតាំងខ្លួនជា«ព្រះម៉ែបារមី»នៅក្នុងស្រុកសន្ទុក ឯកឧត្តមបានបញ្ជាឱ្យរដ្ឋបាលស្រុក និងមន្ទីរធម្មការ និងសាសនា ធ្វើការកោះហៅ មកធ្វើកំណត់ហេតុបន្ទាន់។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋបាលខេត្តបានលើកឡើងថា «ច្បាស់ណាស់ថា រាល់អបិយជំនឿតាមបែបដូនតា យើងមិនអាចប្រមាថនោះទេ ប៉ុន្តែរាល់ការបង្កើតអបិយជំនឿថ្មីៗផ្សេងៗត្រូវមានភាពសមហេតុសមផល និងរក្សាបាននូវសណ្តាប់ធ្នាប់ល្អនៅក្នុងសង្គម»។

ជុំវិញករណីនេះ ឯកឧត្តមក៏បានអំពាវនាវដល់ពុកម៉ែមាមីងបងប្អូន ដែលមានជំងឺ ត្រូវយល់ថាការស្វែងរកនូវអ្វីដែលជាអបិយជំនឿនោះ គ្រាន់តែជាការគួបផ្សំផ្នែកអារម្មណ៍តែប៉ុណ្ណោះ ប៉ុន្តែការព្យាបាលជំងឺជាក់ស្តែង គួរទៅមន្ទីរពេទ្យដែលមានជំនាញវីជ្ជាជីវៈ និងវិទ្យាសាស្រ្តពិតប្រាកដជាជំហរក្នុងការព្យាបាល។

ប្រភព៖ ឯកឧត្តម នួន ផារ័ត្ន