ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី
នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី” ដោយមានវត្តមានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនភីធីធី (ខេមបូឌា) ជាច្រើនរូប។






យោងតាមស្មារតីនៃការចុះអនុស្សរណៈខាងលើនេះ ក្រុមហ៊ុនភីធីធី (ខេមបូឌា) នឹងសហការលើកកម្ពស់ ផលិតផលខ្មែរលើទីផ្សារក្នុងស្រុក អភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ជាពិសេស ជួយដល់សហគមន៍កសិករ ផលិតករ សិប្បករ សហគមន៍ និងសមាគម ក្នុងការបង្កើនឱកាសទីផ្សារ និងផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់សាធារណជន តាមរយៈការតាំងបង្ហាញ និងលក់ផលិតផលខ្មែរ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី។













