ក្រសួងអប់រំ បញ្ជាក់”មិនទទួលស្គាល់ដាច់ខាត” ចំពោះសញ្ញាបត្របណ្ឌិតក្រៅប្រទេស ដែលមិនបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងជាមុន
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសមិនទទួលស្គាល់ឱ្យប្រើប្រាស់ជាផ្លូវការឡើយ ចំពោះសញ្ញាបត្របណ្ឌិតទទួលពីក្រៅប្រទេស ដែលមិនបានឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃដោយក្រសួងអប់រំ យុវជន និងកីឡា ជាមុន។


ការប្រកាសនេះ ធ្វើឡើងក្រោយក្រសួងអប់រំ បានរកឃើញករណីក្លែងបន្លំលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ជាក់សញ្ញាបត្របណ្ឌិតរបស់និស្សិតដែលបាន បញ្ចប់ការសិក្សាពីគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេស។ លិខិតក្លែងបន្លំទាំងនេះ ត្រូវបានយកទៅប្រើប្រាស់ជាឯកសារ ភ្ជាប់ជាមួយសំណើផ្សេងៗ ដូចជា សំណើសុំធ្វើជាគ្រូដឹកនាំនិក្ខេបបទ និងគោលបំណងពាក់ព័ន្ធផ្សេងទៀត។
អាស្រ័យហេតុនេះ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការបដិសេធលិខិតបញ្ជាក់សញ្ញាបត្រក្លែងបន្លំ ដែលក្លែងធ្វើឱ្យមានលក្ខណៈដូចលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា និងបានគូសបញ្ជាក់បន្ថែមថា ចំពោះសញ្ញាបត្របណ្ឌិត ដែលទទួលបានតាមរយៈ កម្មវិធីបណ្តុះបណ្តាលអនឡាញ ក៏ត្រូវមកបញ្ជាក់ពីភាពត្រឹមត្រូវ នៃសញ្ញាបត្រ និងស្ថានភាពស្របច្បាប់របស់ស្ថាប័ននៅប្រទេសដើម ដោយក្រសួងអប់រំ យុវជន និងកីឡាដូចគ្នា។
ដោយឡែក ក្រសួងបានសង្កត់ធ្ងន់ថា ក្រសួងមិនទទួលស្គាល់ ជាដាច់ខាត ចំពោះលិខិតបញ្ជាក់សញ្ញាបត្រដែលមានទម្រង់ ខ្លឹមសារ ហត្ថលេខា ត្រា ឬព័ត៌មានក្លែងក្លាយ មិនមែនជាឯកសារដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា។
ប្រភព៖ MoEYS















