ជនជាតិថៃម្នាក់ ធ្វើឈ្នាន់ឱ្យថៅកែជនជាតិចិន ដោយបង្កប់ក្រុមឆបោកតាមអនឡាញក្នុងផ្ទះវីឡាមួយ ដើម្បីបោកប្រាស់ជនជាតិជប៉ុន រយៈពេលជាង១ឆ្នាំ
(បាងកក)៖ ប៉ូលិសអន្តោប្រវេសន៍ថៃ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានចុះឆែកឆេរផ្ទះវីឡាប្រណីតមួយកន្លែង ស្ថិតនៅសង្កាត់ Bang Bon ទីក្រុងបាងកក និងឃាត់ខ្លួនមនុស្សចំនួន១៥នាក់ ដែលសង្ស័យថា ពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធ Call Center ដែលផ្តោតលើជនរងគ្រោះជាជនជាតិជប៉ុន។









ប្រតិបត្តិការនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ Phanthana Nuchanart អនុប្រធានការិយាល័យអន្តោប្រវេសន៍ថៃ នៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី១៦ ខែកញ្ញា នៅផ្ទះវីឡាមួយកន្លែងក្នុង Soi Ekkachai 112 សង្កាត់ Bang Bon Nuea។
ក្រុមប៉ូលិសបានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលមានការព្រួយបារម្ភ អំពីការចេញចូលរបស់ជនបរទេសជាច្រើននាក់នៅក្នុងទីតាំងនេះ ក្រោមស្ថានភាពគួរឱ្យសង្ស័យ។ បន្ទាប់ពីទទួលបានដីកាឆែកឆេរ មន្ត្រីបានចុះប្រតិបត្តិការនៅទីតាំងខាងលើ និងរកឃើញថា ជាមជ្ឈមណ្ឌលប្រតិបត្តិការ Call Center បោកប្រាស់។
តាមការស៊ើបអង្កេត ទីតាំងនេះត្រូវបានជួលតាមរយៈជនជាតិថៃម្នាក់ ដែលគេសង្ស័ថា ធ្វើជាឈ្នាន់ឱ្យថៅកែជនជាតិចិន អស់រយៈពេលជាង១ឆ្នាំ ដោយមានតម្លៃជួលប្រចាំខែរហូតដល់ប្រមាណ៩០០,០០០បាត។ ក្នុងប្រតិបត្តិការនេះ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ ក្នុងនោះមានជនជាតិថៃម្នាក់ និងជនបរទេស១៤នាក់ មកពីប្រទេសជប៉ុន ចិន តៃវ៉ាន់ និងមីយ៉ាន់ម៉ា។ មន្ត្រីស៊ើបអង្កេតបានឱ្យដឹងថា ជនសង្ស័យទាំង១៥នាក់ ត្រូវបានគេស្គាល់ថាជា បុគ្គលិកប្រតិបត្តិការ ដែលមានតួនាទីសំខាន់ក្នុងការហៅទូរស័ព្ទទៅកាន់ជនរងគ្រោះ ដោយផ្តោតសំខាន់លើការឆបោកជនជាតិជប៉ុន។
ចំណែកថៅកែជនជាតិចិនដែលត្រូវបានសង្ស័យថា គ្រប់គ្រងបណ្តាញនេះ ត្រូវបានគេជឿថា ក៏កំពុងស្ថិតនៅក្នុងប្រទេសថៃនៅឡើយ។ ដោយឡែក អាជ្ញាធរក៏កំពុងតាមដានផ្លូវ ដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការចាកចេញពីប្រទេសដោយខុសច្បាប់។
ក្នុងនោះ ប៉ូលីសបានរកឃើញ វត្ថុតាងបឋមដែលត្រូវបានរឹបអូស រួមមានកុំព្យូទ័រ ទូរស័ព្ទដៃ ស៊ីមកាតសម្រាប់ផ្ទេរប្រាក់ ព្រមទាំងសារធាតុញៀន Crystal Methamphetamine និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន។ អាជ្ញាធរអន្តោប្រវេសន៍ បានបញ្ជាក់ថា វត្ថុតាងដែលរឹបអូសបាននៅតែស្ថិតក្នុងដំណើរការរៀបចំបញ្ជី និងត្រួតពិនិត្យ ខណៈការស៊ើបអង្កេតលើករណីនេះកំពុងបន្ត។ ដោយឡែកជនសង្ស័យទាំង១៥នាក់ ត្រូវបានប្រគល់ទៅឱ្យមន្ត្រីស៊ើបអង្កេតអន្តោប្រវេសន៍ ដើម្បីពិនិត្យ និងចាត់ការតាមផ្លូវច្បាប់ ដោយប្រឈមនឹងនីតិវិធីបណ្តេញចេញពីប្រទេសថៃ បន្ទាប់ពីដំណើរការតាមផ្លូវច្បាប់ត្រូវបានបញ្ចប់។
ប្រភព៖ Khaosod












