ក្រសួងអប់រំ ព្រមានចាត់វិធានការធ្ងន់ ចំពោះសាមីជន ឬបុគ្គលពាក់ព័ន្ធដែលក្លែងបន្លំ ឬប្រើប្រាស់លិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡាក្លែងក្លាយ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នាពេលកន្លងមក ក្រសួង បានរកឃើញករណីក្លែងបន្លំលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ជាក់សញ្ញាបត្របណ្ឌិតរបស់និស្សិតដែលបាន បញ្ចប់ការសិក្សាពីគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេស។ លិខិតក្លែងបន្លំទាំងនេះ ត្រូវបានយកទៅប្រើប្រាស់ជាឯកសារ ភ្ជាប់ជាមួយសំណើផ្សេងៗ ដូចជា សំណើសុំធ្វើជាគ្រូដឹកនាំនិក្ខេបបទ និងគោលបំណងពាក់ព័ន្ធផ្សេងទៀត។


ក្រសួងបានបញ្ជាក់ថា សញ្ញាបត្របណ្ឌិតដែលទទួលបានពីក្រៅប្រទេស ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃ ដោយក្រសួងអប់រំ យុវជន និងកីឡា មុននឹងយកទៅប្រើប្រាស់ជាផ្លូវការ។ ចំពោះសញ្ញាបត្របណ្ឌិត ដែលទទួលបានតាមរយៈ កម្មវិធីបណ្តុះបណ្តាលអនឡាញ ត្រូវមកបញ្ជាក់ពីភាពត្រឹមត្រូវ នៃសញ្ញាបត្រ និងស្ថានភាពស្របច្បាប់របស់ស្ថាប័ននៅប្រទេសដើម ដោយក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយគ្នានេះ គ្រឹះស្ថានឧត្តមសិក្សានីមួយៗ ត្រូវធានាថា បុគ្គលិកបង្រៀនដែលមាន សញ្ញាបត្របណ្ឌិត ប្រើប្រាស់សញ្ញាបត្រដែលមានភាពត្រឹមត្រូវ និងមិនមានការក្លែងបន្លំ។
ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់បន្ថែមថា លិខិតបញ្ជាក់សញ្ញាបត្រដែលមានទម្រង់ ខ្លឹមសារ ហត្ថលេខា ត្រា ឬព័ត៌មានក្លែងក្លាយ មិនមែនជាឯកសារដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡាឡើយ ហើយក្រសួងមិនទទួលស្គាល់ចំពោះឯកសារទាំងនេះ ជាដាច់ខាត។ បុគ្គល ឬបុគ្គលិកបង្រៀនណាដែលក្លែងបន្លំ កែប្រែ ឬប្រើប្រាស់សញ្ញាបត្របណ្ឌិត ឬលិខិតបញ្ជាក់សញ្ញាបត្រ ក្លែងក្លាយ នឹងត្រូវទទួលខុសត្រូវ និងទទួលទោសតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ក្រសួងក៏នឹងចាត់វិធានការតាមច្បាប់ ចំពោះសាមីជន ឬបុគ្គលពាក់ព័ន្ធដែលប្រព្រឹត្តអំពើក្លែងបន្លំ ឬប្រើប្រាស់ឯកសារក្លែងក្លាយ។
យ៉ាងណាមិញ ក្រសួងក៏បានអំពាវនាវដល់សាធារណជន គ្រឹះស្ថានឧត្តមសិក្សា និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យប្រើប្រាស់ តែឯកសារពិតប្រាកដ និងអនុវត្តតាមនីតិវិធីផ្លូវការនៃការស្នើសុំបញ្ជាក់សញ្ញាបត្រពីក្រៅប្រទេស។ ក្នុងករណីមានការសង្ស័យ ត្រូវជូនដំណឹងមកក្រសួង ដើម្បីធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ។
ប្រភព៖ MoEYS















