ប្រទេសតូហ្គោ ចាប់អារម្មណ៍គុណភាពអង្ករនៅកម្ពុជា និងមានបំណងពង្រីកលទ្ធភាពនាំចូលអង្ករកម្ពុជាទៅក្នុងទីផ្សារតូហ្គោ
នៅរសៀលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្មាន ម៉ាណាន រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Konlani Djondiègue នាយកខុទ្ទកាល័យ និងជារដ្ឋលេខាធិការនៃក្រសួងកសិកម្ម នេសាទ ធនធានសត្វ និងអធិបតេយ្យស្បៀងអាហារនៃសាធារណរដ្ឋតូហ្គោ នៅទីក្រុងឡូមេ ប្រទេសតូហ្គោ ក្នុងឱកាសនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីជុំទី១ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។


ក្នុងជំនួបនេះ ឯកឧត្តម ស្មាន ម៉ាណានបានសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់តូហ្គោ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងបានផ្លាស់ប្តូរយោបល់អំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការធ្វើទំនើបកម្មវិស័យកសិកម្ម ការបង្កើនផលិតភាព ការប្រើប្រាស់យន្តការកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រីកលទ្ធភាពចូលទីផ្សារសម្រាប់អង្ករកម្ពុជា នៅប្រទេសតូហ្គោ និងការពង្រឹងទំនាក់ទំនងរវាងអ្នកនាំចេញអង្ករកម្ពុជា និងអ្នកនាំចូលអង្ករតូហ្គោ ខណៈភាគីតូហ្គោបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សាពីបទពិសោធន៍ និងជំនាញរបស់កម្ពុជា ដើម្បីលើកកម្ពស់ផលិតកម្ម និងគុណភាពអង្កររបស់តូហ្គោ។
ទន្ទឹមនេះ ឯកឧត្តម ស្មាន ម៉ាណានក៏បានស្វាគមន៍ការបញ្ជាក់អំពីការចូលរួមរបស់ ឯកឧត្តម Faure Essozimna Gnassingbé ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៃសាធារណរដ្ឋតូហ្គោ ក្នុងកិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី ១៥–១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងបានអញ្ជើញភាគីតូហ្គោឱ្យចូលរួមក្នុង ភូមិហ្វ្រង់កូហ្វូន និងហ្វ្រង់កូតិច។
ប្រភព៖ ក្រសួងការបរទេស











