|

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា


រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា — ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៦ — NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា។

កម្មវិធីនេះមានគោលបំណងអបអរសាទរដល់សមិទ្ធផលក្នុងដំណើរនៃការអប់រំរបស់បុត្រធីតា រួមមាន សិស្សដែលទទួលបានទិដ្ឋាការសិក្សាពីប្រទេសកាណាដា សិស្សដែលទទួលបានលិខិតទទួលយកពីសាលារៀននៅប្រទេសកាណាដា និងក្រុមគ្រួសារដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់អំពីឱកាសសិក្សានៅប្រទេសកាណាដាសម្រាប់កូនៗ។

កម្មវិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលវត្តមានជាកិត្តិយសនេះបង្ហាញពីការយកចិត្តទុកដាក់ និងទំនាក់ទំនងដ៏រឹងមាំផ្នែកអប់រំរវាងប្រទេសកាណាដា និងកម្ពុជា ព្រមទាំងឱកាសជាច្រើនដែលប្រទេសកាណាដាមានសម្រាប់សិស្សនិស្សិតកម្ពុជាដែលមានបំណងទទួលបានការអប់រំអន្តរជាតិ។

ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា៖
“ខ្ញុំមានសេចក្តីរីករាយដែលបានចូលរួមជាមួយ NextEd Canada សិស្សានុសិស្ស និងក្រុមគ្រួសារកម្ពុជាជាច្រើននាពេលនេះ។ ការអប់រំគឺជាស្ពានដ៏សំខាន់មួយរវាងប្រទេសទាំងពីរ ដែលបង្កើតឱកាសសម្រាប់យុវជនក្នុងការសិក្សារៀនសូត្រ អភិវឌ្ឍខ្លួន និងកសាងទំនាក់ទំនងយូរអង្វែង។ ប្រទេសកាណាដាមានមោទនភាពក្នុងការស្វាគមន៍សិស្សកម្ពុជាមកកាន់សហគមន៍ដ៏សម្បូរបែប និងប្រកបដោយភាពកក់ក្តៅរបស់យើង ដែលយុវជនអាចទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ និងបទពិសោធន៍ក្នុងបរិយាកាសពហុវប្បធម៌។ ខ្ញុំសូមលើកទឹកចិត្តឱ្យសិស្សានុសិស្ស និងក្រុមគ្រួសារកម្ពុជាកាន់តែច្រើន ស្វែងយល់អំពីឱកាសសិក្សាជាច្រើនដែលប្រទេសកាណាដាមានផ្តល់ជូន ហើយខ្ញុំទន្ទឹងរង់ចាំធ្វើជាសក្ខីភាពនៃការទំនាក់ទំនងកាន់តែខ្លាំងរវាងប្រទេសទាំងពីរតាមរយៈការអប់រំនេះ”។

លោក តារា សៅយុទ្ធនា សហស្ថាបនិក NextEd Canada និងជាតំណាងក្រុមហ៊ុនប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖
“យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសិស្សានុសិស្ស និងក្រុមគ្រួសារកម្ពុជាយើង ព្រមទាំងឯកឧត្តមឯកអគ្គរាជទូតកាណាដា និងដៃគូសាលារៀននៅប្រទេសកាណាដា សម្រាប់ការគាំទ្រ និងការជឿទុកចិត្តលើយើងខ្ញុំ។ នៅ NextEd Canada យើងប្តេជ្ញាជួយជ្រោមជ្រែងបុត្រធីតាកម្ពុជាឱ្យទទួលបានការអប់រំនៅប្រទេសកាណាដាដែលមានគុណភាពខ្ពស់ មានសុវត្ថិភាព និងមានតម្លៃសមរម្យ។ ដោយមានក្រុមការងារដ៏រឹងមាំទាំងនៅកម្ពុជា និងកាណាដា យើងនឹងបន្តផ្តល់ការគាំទ្រប្រកបដោយវិជ្ជាជីវៈ និងផ្តោតលើគោលដៅរយៈពេលវែងដល់ក្រុមគ្រួសារ និងសិស្សពេញមួយដំណើរអប់រំរបស់ប្អូនៗនៅក្នុងប្រទេសកាណាដា”។ ទិវាគ្រួសារ Family’s Day នេះទទួលបានការគាំទ្រពីស្ថាប័នអប់រំនៅប្រទេសកាណាដាចំនួនបីដែលជាដៃគូរបស់ក្រុមហ៊ុន NextEd Canada រួមមាន Nova Scotia International Student Program, Kings-Edgehill School និង Brock University