ចិនចោទអាមេរិកថា ការដំឡើងពន្ធ និងការហាមឃាត់ការនាំចូលមនុស្សយន្ត ជាលេសចង់«បង្ក្រាបក្រុមហ៊ុនចិន»


ប៉េកាំង៖ រដ្ឋាភិបាលចិនបានសម្តែង «ក្តីបារម្ភយ៉ាងខ្លាំង» ចំពោះវិធានការរឹតបន្តឹងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មីៗរបស់សហរដ្ឋអាមេរិក ខណៈភាគីទាំងពីរបានបន្តកិច្ចពិភាក្សាកម្រិតខ្ពស់ ដើម្បីរក្សាស្ថិរភាពទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរលើពិភពលោក។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua កិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៣០ ខែកក្កដា រវាងឧបនាយករដ្ឋមន្ត្រីចិន He Lifeng រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក Jamieson Greer បានធ្វើឡើងក្នុងបរិយាកាស «ស្មោះត្រង់ ស៊ីជម្រៅ និងស្ថាបនា»។

ក្នុងទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានធូរស្រាលមួយរយៈ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) បានជួបពិភាក្សាគ្នាកាលពីខែតុលា ឆ្នាំ២០២៥ និងបន្តកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង កាលពីខែឧសភា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា ភាពតានតឹងបានកើនឡើងជាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិកដំឡើងពន្ធលើដៃគូពាណិជ្ជកម្មភាគច្រើន និងដាក់វិធានការរឹតបន្តឹងថ្មីលើក្រុមហ៊ុនចិន។

ថ្មីៗនេះ ក្រៅពីការដំឡើងពន្ធ អាមេរិកក៏បានហាមឃាត់ការនាំចូលមនុស្សយន្តប្រភេទមនុស្ស (Humanoid Robots) និងមនុស្សយន្តជើងបួន (Quadruped Robots) ដែលផលិតនៅបរទេស។ ចិនបានចោទប្រកាន់ថា វិធានការនេះមានគោលបំណង «បង្ក្រាបក្រុមហ៊ុនចិន»

ជាមួយគ្នានេះ ចិនក៏បានដាក់ចេញបទប្បញ្ញត្តិថ្មី ដែលអនុញ្ញាតឱ្យចាត់វិធានការលើក្រុមហ៊ុនបរទេស ដែលផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសចិន ហើយបានពង្រីកការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិកមួយចំនួន ដែលពាក់ព័ន្ធនឹងរ៉ែកម្រ និងបច្ចេកវិទ្យាដែលអាចប្រើប្រាស់ទាំងផ្នែកស៊ីវិល និងយោធាផងដែរ។

ប្រភព៖ CNA