ប្រធានាធិបតីអ៊ុយក្រែន ចរចាជាមួយក្រុមហ៊ុនផលិតអាវុធយក្សអាមេរិក ដើម្បីពង្រីកសមត្ថភាពផលិតអាវុធនៅក្នុងស្រុកដោយខ្លួនឯង
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) កាលពីថ្ងៃអង្គារ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផលិតអាវុធយក្សរបស់សហរដ្ឋអាមេរិក ឡុកឃីត ម៉ាទីន (Lockheed Martin) នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងពង្រីកសមត្ថភាពផលិតអាវុធនៅក្នុងប្រទេសអ៊ុយក្រែន។



កិច្ចពិភាក្សានេះ បានផ្តោតលើការផ្ទេរបច្ចេកវិទ្យាយោធា ការបង្កើតគម្រោងផលិតអាវុធរួមគ្នា និងការពង្រឹងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការផលិតបច្ចេកវិទ្យាមីស៊ីលសំខាន់ៗ ដើម្បីបង្កើនសមត្ថភាពការពាររបស់ទីក្រុងគៀវផងដែរ។
បច្ចុប្បន្ន អ៊ុយក្រែនកំពុងពឹងផ្អែកយ៉ាងខ្លាំងលើប្រព័ន្ធការពារដែនអាកាស Patriot, មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS និងយន្តហោះចម្បាំង F-16 ដែលសុទ្ធសឹងជាប្រព័ន្ធអាវុធសំខាន់ៗរបស់សហរដ្ឋអាមេរិក។
គួរឲ្យដឹងដែរថា ក្នុងអំឡុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោក ហ្សេលែនស្គី បានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅសេតវិមាន ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបន្តគាំទ្រអ៊ុយក្រែន ជាពិសេសលើការផ្គត់ផ្គង់ និងការផលិតប្រព័ន្ធការពារដែនអាកាស Patriot។
ជាមួយគ្នានោះ ប្រភពព័ត៌មានបានឱ្យដឹងថា លោក ត្រាំ បានបង្ហាញសញ្ញាវិជ្ជមានចំពោះការអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបានអាជ្ញាប័ណ្ណផលិតគ្រាប់មីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធ Patriot នៅក្នុងប្រទេស ព្រមទាំងពិចារណាលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងបច្ចេកវិទ្យាយន្តហោះដ្រូនផ្សេងៗទៀត។
ប្រភព៖ Embassy of Ukrainian in the USA











