អាមេរិកហាមឃាត់ ការនាំចូលមនុស្សយន្តប្រភេទ Humanoid និង Robot Dogs ពីបរទេស រួមទាំងចិន ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ


វ៉ាស៊ីនតោន៖ គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) បានប្រកាសហាមឃាត់ការនាំចូល មនុស្សយន្តប្រភេទ Humanoid, មនុស្សយន្តជើងបួន (Robot Dogs) និងឧបករណ៍បម្លែងថាមពលអគ្គិសនី (Power Inverters) ដែលផលិតនៅបរទេស ដោយអះអាងថា បច្ចេកវិទ្យាទាំងនេះអាចបង្កហានិភ័យដល់សន្តិសុខជាតិ និងសុវត្ថិភាពប្រព័ន្ធបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។

ការសម្រេចចិត្តនេះ កើតឡើងស្របពេលសហរដ្ឋអាមេរិកកំពុងបន្តរឹតបន្តឹងការនាំចូលបច្ចេកវិទ្យាពីប្រទេសចិន។ កន្លងមក រដ្ឋាភិបាលអាមេរិកបានហាមឃាត់ការនាំចូលដ្រូនផលិតនៅចិន ហើយក៏កំពុងពិចារណាដាក់កំហិតលើគំរូបញ្ញាសិប្បនិម្មិត (AI) ប្រភពបើកចំហរបស់ចិនផងដែរ ខណៈបច្ចេកវិទ្យា AI របស់ចិនកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងវិធានការថ្មីនេះ ត្រូវបានគេសម្លឹងឃើញថា ប្រទេសចិនបច្ចុប្បន្នកំពុងនាំមុខពិភពលោកក្នុងការផលិតមនុស្សយន្ត Humanoid។ តាមការវាយតម្លៃរបស់អ្នកវិភាគ ចិនកាន់កាប់ចំណែកទីផ្សារមនុស្សយន្ត Humanoid សកលប្រមាណ ៨៥ភាគរយ ដែលលើសសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតយ៉ាងខ្លាំង។

ទោះជាយ៉ាងណា FCC បានបញ្ជាក់ថា មនុស្សយន្តទំនើបទាំងនេះអាចបង្កភាពងាយរងគ្រោះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain) ព្រមទាំងបង្កហានិភ័យផ្នែកសន្តិសុខអ៊ីនធឺណិត និងសន្តិសុខជាតិ។ ប្រធាន FCC លោក Brendan Carr បានថ្លែងថា វិធានការនេះមានគោលបំណង «ការពារខ្សែច្រវាក់ផ្គត់ផ្គង់ដ៏សំខាន់របស់សហរដ្ឋអាមេរិក»។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវ Omdia បង្ហាញថា ក្នុងចំណោមមនុស្សយន្ត Humanoid ប្រមាណ ១៥,០០០គ្រឿង ដែលត្រូវបានដឹកជញ្ជូនទូទាំងពិភពលោកនៅឆ្នាំ២០២៥ ក្រុមហ៊ុនចិន Unitree និង AGIBOT បានដឹកជញ្ជូនជាង ៥,០០០គ្រឿង ក្នុងមួយក្រុមហ៊ុន ខណៈក្រុមហ៊ុនអាមេរិកដូចជា Tesla និង Figure AI ដឹកជញ្ជូនបានត្រឹមរាប់រយគ្រឿងប៉ុណ្ណោះ។

ទោះជាយ៉ាងណា អ្នកជំនាញបានព្រមានថា ការហាមឃាត់ថ្មីរបស់អាមេរិក អាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងចិនផងដែរ។

ប្រភព៖ AP