គណៈប្រតិភូការទូតអាមេរិកដើរចេញពីកិច្ចប្រជុំ UN បន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្តីជាមួយបារាំង ជុំវិញបញ្ហាសិទ្ធិមនុស្ស
អង្គការសហប្រជាជាតិ៖ គណៈប្រតិភូការទូតរបស់សហរដ្ឋអាមេរិក បានដើរចេញពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN Security Council) ស្តីពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅពេលគណៈប្រតិភូបារាំងចាប់ផ្តើមថ្លែងសុន្ទរកថា។ ហេតុការណ៍នេះកើតឡើង បន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្តីរវាងមន្ត្រីអាមេរិក និងបារាំង ជុំវិញការបោះឆ្នោតបន្តអាណត្តិឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Türk។

ការដើរចេញពីកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានកើតឡើងពីរថ្ងៃ បន្ទាប់ពីបេសកកម្មអចិន្ត្រៃយ៍របស់បារាំងប្រចាំទីក្រុងហ្សឺណែវ បានបង្ហោះសារលើបណ្ដាញសង្គម X ដោយរិះគន់ថា សហរដ្ឋអាមេរិក «លែងជាពន្លឺនៃការការពារសិទ្ធិមនុស្សទៀតហើយ» ហើយកំពុងស្ថិតនៅដោយឯកោជាមួយប្រទេសកូរ៉េខាងជើង នីការ៉ាហ្គា ម៉ាលី និងរុស្ស៊ី។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បានអះអាងថា បារាំងបានគាំទ្រមន្ត្រីសិទ្ធិមនុស្ស ដែលតែងតែរិះគន់ប្រទេសប្រជាធិបតេយ្យដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ីស្រាអែល ខណៈបែរជាមានភាពទន់ភ្លន់ចំពោះរដ្ឋដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតទៅវិញ។
បន្ទាប់ពីដើរចេញពីកិច្ចប្រជុំ លោក Dan Negrea តំណាងអាមេរិកជំនួសប្រចាំអង្គការសហប្រជាជាតិ បានថ្លែងថា គណៈប្រតិភូអាមេរិកនឹងបន្តដើរចេញពីកិច្ចប្រជុំទៀត ប្រសិនបើបារាំងមិនបញ្ឈប់ការប្រើវោហាសាស្ត្រដែល «មើលងាយ និងខ្វះការគោរព» ចំពោះសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា លោក Volker Türk ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតបន្តអាណត្តិរយៈពេល ៤ ឆ្នាំទៀត ដោយទទួលបានសំឡេងគាំទ្រ ១៤៤ សំឡេង ទល់នឹង ១០ សំឡេងប្រឆាំង និង ១៣ សំឡេងអនុបវាទ។ លោកធ្លាប់បានរិះគន់ការរំលោភច្បាប់អន្តរជាតិ ដែលពាក់ព័ន្ធនឹងសកម្មភាពរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅប៉ាឡេស្ទីន និងអ៊ីរ៉ង់។
ដោយឡែក ក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump រដ្ឋបាលសហរដ្ឋអាមេរិកបានកាត់បន្ថយថវិកាដល់ស្ថាប័នជាច្រើនរបស់អង្គការសហប្រជាជាតិ និងបានដកខ្លួនចេញពីស្ថាប័នជាច្រើនចាប់តាំងពីឆ្នាំ២០២៥។ រដ្ឋបាលនេះក៏ធ្លាប់ព្រមានថា នឹងពិនិត្យឡើងវិញលើកិច្ចសហការជាមួយអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងអាណត្តិរបស់លោក Volker Türk ផងដែរ។
យ៉ាងណាមិញក្រៅពីបញ្ហាសិទ្ធិមនុស្ស ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉ារីស ក៏កំពុងប្រឈមនឹងភាពតានតឹងលើបញ្ហាជាច្រើន រួមមានការចំណាយរបស់អង្គការ NATO គោលនយោបាយពាណិជ្ជកម្ម និងការលើកឡើងរបស់លោក Donald Trump អំពីការគ្រប់គ្រងកោះ Greenland ដែលជាដែនដីរបស់ប្រទេសដាណឺម៉ាក សមាជិកអង្គការ NATO។ លើសពីនេះ បារាំង និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ក៏បានបដិសេធមិនចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលជាចំណុចមួយទៀតនាំឱ្យមានការខ្វែងគំនិតជាមួយរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន។
ប្រភព៖ Aljazeera











