មន្ត្រីគយអាមេរិក ចុះត្រួតពិនិត្យរោងចក្រចិននៅវៀតណាម ដោយមិនប្រកាសមុន ដើម្បីទប់ស្កាត់ការបន្លំប្រភពដើមទំនិញ


វៀតណាម៖ មន្ត្រីគយសហរដ្ឋអាមេរិក បានចុះត្រួតពិនិត្យរោងចក្រមួយចំនួនដែលពាក់ព័ន្ធនឹងក្រុមហ៊ុនចិននៅប្រទេសវៀតណាម ដោយមិនបានប្រកាសជាមុន ដើម្បីផ្ទៀងផ្ទាត់ថា ទំនិញដែលនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ពិតជាត្រូវបានផលិតនៅវៀតណាម និងមានការបង្កើតតម្លៃបន្ថែមគ្រប់គ្រាន់ មិនមែនគ្រាន់តែជាទំនិញរបស់ចិនដែលប្ដូរប្រភពដើមនោះទេ។

ជាមួយគ្នានោះ មន្ត្រីអាមេរិកបានពិនិត្យឯកសារ ប្រភពវត្ថុធាតុដើម និងដំណើរការផលិតរបស់រោងចក្រ ដើម្បីវាយតម្លៃកម្រិតនៃការបង្កើត «តម្លៃបន្ថែម» (Value Added) មុនពេលទំនិញត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក។ ក្រុមត្រួតពិនិត្យក៏បានពិនិត្យលើបញ្ហាកម្មសិទ្ធិបញ្ញាពាក់ព័ន្ធនឹងកម្មវិធី (Software Intellectual Property) ដែលអាចកើតមានផងដែរ។

ដោយឡែក ការត្រួតពិនិត្យនេះ ធ្វើឡើងស្របពេលដែលរដ្ឋបាលសហរដ្ឋអាមេរិកកំពុងរឹតបន្តឹងការអនុវត្តច្បាប់ពាណិជ្ជកម្ម និងបានដាក់ពន្ធនាំចូល ១២,៥% លើទំនិញពីវៀតណាម ក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងបញ្ហាពលកម្មដោយបង្ខំ និងហានិភ័យក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។

ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមបានក្លាយជាមូលដ្ឋានផលិតកម្មដ៏សំខាន់សម្រាប់ក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនចិនជាច្រើន ដែលបានផ្លាស់ប្ដូរខ្សែច្រវាក់ផលិតកម្មចេញពីប្រទេសចិន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ការផ្លាស់ប្ដូរនេះបានជំរុញឱ្យការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកកើនឡើងយ៉ាងខ្លាំង ប៉ុន្តែក៏បានទាក់ទាញការតាមដានកាន់តែខ្លាំងពីអាជ្ញាធរអាមេរិកផងដែរ។

ប្រភព៖ Bloomberg