អ៊ីរ៉ង់ព្រមានសងសឹកអ៊ុយក្រែនវិញ ក្រោយកប៉ាល់ពាណិជ្ជកម្មអ៊ីរ៉ង់រងការវាយប្រហារនៅសមុទ្រកាសព្យែន ដែលបណ្ដាលឱ្យនាវិកម្នាក់ស្លាប់
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានថា អ៊ីរ៉ង់នឹងចាត់វិធានការឆ្លើយតបចំពោះអ៊ុយក្រែន បន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿងរងការវាយប្រហារនៅសមុទ្រកាសព្យែន ដែលបណ្ដាលឱ្យនាវិកម្នាក់ស្លាប់។ ការលើកឡើងនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។

តាមការបង្ហោះសារនៅលើបណ្ដាញសង្គម X លោក Abbas Araghchi បាននិយាយថា ការវាយប្រហារនេះត្រូវបានបញ្ជាដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ហើយចាត់ទុកថា ជាការរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកក៏បានអះអាងដែរថា សកម្មភាពនេះធ្វើឡើងតាមការជំរុញរបស់អ៊ីស្រាអែល ក្នុងគោលបំណងអូសទាញបណ្តាប្រទេសអឺរ៉ុបឱ្យចូលរួមក្នុងជម្លោះ។
ជុំវិញករណីនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាងថា កងកម្លាំងអ៊ុយក្រែនបានបើកប្រតិបត្តិការវាយប្រហារចម្ងាយឆ្ងាយនៅសមុទ្រកាសព្យែនពិតមែន ដោយប្រើយន្តហោះគ្មានមនុស្សបើក (Drone) សំដៅលើនាវាដឹកទំនិញដែលស្ថិតក្រោមទណ្ឌកម្មអន្តរជាតិ ប្រើសម្រាប់ដឹកជញ្ជូនសម្ភារយោធារវាងអ៊ីរ៉ង់ និងរុស្ស៊ី។
យ៉ាងណាមិញ ក្រោយហេតុការណ៍នេះ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ង់បានកោះហៅភារធារីអ៊ុយក្រែនប្រចាំទីក្រុងតេអេរ៉ង់ ឱ្យចូលបំភ្លឺជុំវិញការវាយប្រហារលើកប៉ាល់ដឹកទំនិញរបស់អ៊ីរ៉ង់។
ប្រភព៖ Anadolu











