រលកកម្ដៅអតិបរមា បង្កើនភ្លើងឆេះព្រៃ និងផ្សែងអាក្រក់ ដែលកំពុងគំរាមកំហែងអឺរ៉ុប និងអាមេរិកខាងជើង


ឡុងដ៍៖ ប្រទេសស្កុតឡែន អេស្ប៉ាញ បារាំង និងកាណាដា កំពុងប្រឈមនឹងភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរ ខណៈអ្នកវិទ្យាសាស្ត្រព្រមានថា បាតុភូតនេះមានទំនាក់ទំនងជាមួយការប្រែប្រួលអាកាសធាតុ និងរលកកម្តៅដែលកំពុងកើនឡើង។

ក្នុងនោះនៅស្កុតឡែន ក្រុមពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃចំនួន២កន្លែង រួមមានតំបន់ Glenmore ក្នុងឧទ្យានជាតិ Cairngorms ដែលបានឆេះតាំងពីសប្តាហ៍មុន និងភ្លើងឆេះស្មៅនៅ Arthur’s Seat ក្នុងទីក្រុង Edinburgh។ អាជ្ញាធរបានព្រមានពីហានិភ័យភ្លើងឆេះព្រៃនេះ អាចស្ថិតក្នុងកម្រិតខ្ពស់បំផុតរហូតលើសខែកក្កដា នេះ។

ដោយឡែក នៅអេស្ប៉ាញ ភ្លើងឆេះព្រៃក្នុងខេត្ត Guadalajara បានបន្តឆេះអស់រយៈពេល៥ថ្ងៃ និងក្លាយជាភ្លើងឆេះព្រៃដ៏ធំបំផុតប្រចាំឆ្នាំ២០២៦។ ភ្លើងឆេះ បានរាលដាលលើផ្ទៃដីជាង ២៦,០០០ហិកតា និងបង្ខំឱ្យប្រជាពលរដ្ឋជាង ១,០០០នាក់ ជម្លៀសចេញពីលំនៅឋាន។ ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ (AEMET) ព្យាករថា រលកកម្តៅនឹងបន្តសីតុណ្ហភាពអាចលើស ៤០អង្សាសេ និងកន្លែងខ្លះអាចឡើងដល់ ៤៤អង្សាសេ

យ៉ាងណាមិញ នៅបារាំង ភ្លើងឆេះព្រៃនៅតំបន់ឆ្នេរសមុទ្រមេឌីទែរ៉ាណេ ក្បែរទីក្រុង Fréjus បានរាលដាលយ៉ាងឆាប់រហ័ស ដោយសាររលកកម្តៅ និងគ្រោះរាំងស្ងួតខ្លាំង។ ក្នុងនោះ សេវារថភ្លើងរវាងទីក្រុង Toulon និង Les Arcs ត្រូវបានផ្អាកជាបណ្តោះអាសន្ន។

ចំណែកនៅកាណាដា ខេត្ត Ontario កំពុងប្រឈមនឹងភ្លើងឆេះព្រៃសកម្មប្រមាណ ១៩០កន្លែង ខណៈប្រជាពលរដ្ឋប្រមាណ ១,៨០០នាក់ ត្រូវបានជម្លៀស។ ផ្សែងពុលពីភ្លើងឆេះព្រៃបានធ្វើឱ្យទីក្រុង Toronto មានគុណភាពខ្យល់អាក្រក់បំផុតមួយលើពិភពលោកកាលពីសប្តាហ៍មុន មុននឹងរាលដាលទៅកាន់ទីក្រុង New York និង Washington ក្នុងសហរដ្ឋអាមេរិក។

ជុំវិញបញ្ហានេះ ប្រធានាធិបតីអាមេរិក Donald Trump បានរិះគន់ប្រទេសកាណាដា ចំពោះភ្លើងឆេះព្រៃនេះននិងបានគំរាមដាក់ពន្ធលើទំនិញកាណាដា ដោយសារផ្សែងឆេះព្រៃឆ្លងដែន។ នាយករដ្ឋមន្ត្រីកាណាដា Mark Carney មិនបានឆ្លើយតបដោយផ្ទាល់ទេ ប៉ុន្តែបានអំពាវនាវឱ្យគ្រប់ប្រទេស រួមទាំងសហរដ្ឋអាមេរិក បង្កើនកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះឲ្យបានសមស្រប។

ប្រភព៖ Reuters