|

ក្រសួងអប់រំ៖ ការវិនិយោគលើសុខភាពសិស្សានុសិស្សនៅថ្ងៃនេះ គឺជាការធានានូវសសរទ្រូងដ៏រឹងមាំរបស់ជាតិនៅថ្ងៃស្អែក


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការពិនិត្យសុខភាពសិស្សនៅតាមសាលារៀនក្នុងប្រទេសកម្ពុជា»។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកការយល់ដឹងពីសារៈសំខាន់នៃការពិនិត្យសុខភាពសិស្សនៅតាមសាលារៀន និងពិភាក្សាអំពីមធ្យោបាយនានាក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងសុខភាពសិស្សឱ្យកាន់តែមានប្រសិទ្ធភាព។

ដោយឡែក ការវិនិយោគលើសុខភាពសិស្សានុសិស្សនៅថ្ងៃនេះ គឺជាការធានានូវសសរទ្រូងដ៏រឹងមាំរបស់ជាតិនៅថ្ងៃស្អែក ព្រោះកុមារដែលមានសុខភាពល្អ គឺជាសិស្សដែលរៀនពូកែ ហើយនឹងក្លាយជាបញ្ញាវ័ន្ត ក៏ដូចជាកម្លាំងចលករក្នុងការដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍរុងរឿងប្រកបដោយចីរភាព។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា បញ្ហាសុខភាពដូចជាបញ្ហាភ្នែក អាហារូបត្ថម្ភ ជំងឺមាត់ធ្មេញ ជំងឺរបេង និងបញ្ហាឆ្អឹងខ្នង អាចត្រូវបានបង្ការ និងកែលម្អបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើរកឃើញ និងគ្រប់គ្រងបានទាន់ពេលវេលា។ សិក្ខាសាលានេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់សុខភាពសាលារៀននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតនាពេលអនាគត៕

ប្រភព៖ MoEYS