|

អាមេរិក និងអូស្ត្រាលី បោះទុន ២ពាន់លានដុល្លារ ពង្រឹងវិស័យរ៉ែ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន


ស៊ីដនី៖ សហរដ្ឋអាមេរិក និងអូស្ត្រាលី បានប្រកាសកិច្ចព្រមព្រៀងថ្មីមួយ ស្តីពីការវិនិយោគក្នុងវិស័យរ៉ែសំខាន់ (Critical Minerals) ដែលមានទឹកប្រាក់យ៉ាងហោចណាស់ ២ពាន់លានដុល្លារអាមេរិក ក្នុងគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែយុទ្ធសាស្ត្រ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលបច្ចុប្បន្នកំពុងមានឥទ្ធិពលខ្លាំងលើឧស្សាហកម្មនេះ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស។ ភាគីទាំងពីរបានប្តេជ្ញាវិនិយោគយ៉ាងហោចណាស់ ១ពាន់លានដុល្លារអាមេរិកក្នុងមួយប្រទេសក្នុងរយៈពេល៦ខែខាងមុខ សម្រាប់គម្រោងរុករក កែច្នៃ និងផលិតរ៉ែសំខាន់ ព្រមទាំងកំណត់តម្លៃអប្បបរមាសម្រាប់រ៉ែទាំងនេះ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគរបស់បណ្តាក្រុមហ៊ុនលោកខាងលិច។

ធនាគារនាំចេញ-នាំចូលរបស់សហរដ្ឋអាមេរិក (EXIM Bank) ក៏បានចេញលិខិតបង្ហាញចំណាប់អារម្មណ៍ (Letters of Interest) ចំនួន៧ ដែលមានតម្លៃសរុបជាង ២,២ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងរ៉ែសំខាន់នៅអូស្ត្រាលី។ ក្រុមហ៊ុនដែលទទួលបានការគាំទ្ររួមមាន Arafura Rare Earths, Northern Minerals, Graphinex, Latrobe Magnesium, VHM, RZ Resources និង Sunrise Energy Metals

បន្ទាប់ពីការប្រកាសនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនរ៉ែជាច្រើននៅផ្សារភាគហ៊ុនអូស្ត្រាលីបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយភាគហ៊ុនរបស់ Arafura Rare Earths កើនឡើង ៨% ខណៈ Northern Minerals, Latrobe Magnesium និង VHM កើនឡើងចន្លោះពី ១១% ដល់ ២០%។

ក្រៅពីនេះ រដ្ឋាភិបាលទាំងពីរក៏បានប្រកាសគាំទ្រគម្រោងរបស់ក្រុមហ៊ុនផលិតអាលុយមីញ៉ូមអាមេរិក Alcoa ក្នុងការសាងសង់រោងចក្រផលិត ហ្គាលីយ៉ូម (Gallium) នៅជាប់រោងចក្រចម្រាញ់អាលុយមីណា (Alumina Refinery) របស់ខ្លួន នៅរដ្ឋវេស្ទើនអូស្ត្រាលី។ គម្រោងនេះត្រូវបានរំពឹងថា អាចផ្គត់ផ្គង់ហ្គាលីយ៉ូមបានរហូតដល់ ១០% នៃតម្រូវការពិភពលោក

គួរបញ្ជាក់ថា ហ្គាលីយ៉ូម គឺជារ៉ែសំខាន់ដែលទទួលបានជាផលរួម (byproduct) ក្នុងដំណើរការចម្រាញ់អាលុយមីណា ហើយមានតួនាទីសំខាន់ក្នុងការផលិតឧបករណ៍អេឡិចត្រូនិក បន្ទះឈីប (Semiconductors) និងឧស្សាហកម្មការពារជាតិ។

ប្រភព៖ Reuters