ក្មេងប្រុសអាយុ ១១ឆ្នាំនៅថៃ លួចបើករថយន្ត រួចទៅបុកព្រះសង្ឃកំពុងនិមន្តធម្មយាត្រា បណ្ដាលឱ្យសុគត ៨អង្គ និងរបួសជាច្រើនអង្គ


បាងកក៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរថៃ បានឱ្យដឹងថា ក្មេងប្រុសអាយុ ១១ឆ្នាំ ម្នាក់ បានបើករថយន្តប្រភេទភីកអាប់ ដោយរេចង្កូត ជ្រុលទៅបុកយ៉ាងពេញទំហឹងទៅលើព្រះសង្ឃ ដែលកំពុងនិមន្តធ្វើធម្មយាត្រា នៅខេត្ត Mukdahan ភាគឦសានប្រទេសថៃ បណ្តាលឱ្យព្រះសង្ឃ ៨អង្គសុគត និង ១៤អង្គផ្សេងទៀតរងរបួស ក្នុងនោះ ៤អង្គស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ

បើយោងតាមអភិបាលខេត្ត Mukdahan លោក Worrayan Boonnarat បានឱ្យដឹងថា ព្រះសង្ឃសរុប ៣៥អង្គ បានចាប់ផ្តើមធ្វើធម្មយាត្រាពីខេត្ត Mukdahan ឆ្ពោះទៅខេត្ត Ubon Ratchathani ដែលមានចម្ងាយប្រមាណ ២៦០គីឡូម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងប្រមាណ ៣០នាទី បន្ទាប់ពីព្រះសង្ឃនិមន្តចេញដំណើរ។

ជាមួយគ្នានេះ ក្នុងចំណោមព្រះសង្ឃដែលសុគត មាន ៥អង្គសុគតនៅកន្លែងកើតហេតុភ្លាមៗ ខណៈ ៣អង្គទៀតសុគតនៅមន្ទីរពេទ្យ ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់។

ក្រោយហេតុការណ៍ដ៏រន្ធត់នេះ សមត្ថកិច្ចប៉ូលិស បានឃាត់ខ្លួនក្មេងប្រុសជាអ្នកបើកបររថយន្ត និងនឹងធ្វើការសាកសួរ បន្ទាប់ពីមន្ត្រីការពារកុមាររបស់រដ្ឋមកដល់។

ទោះជាយ៉ាងណាបច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតដើម្បីកំណត់មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ។ តាមការរៀបរាប់របស់ព្រះសង្ឃដែលនៅរស់ បានឱ្យដឹងថា ព្រះសង្ឃបានឃើញរថយន្តនោះ បើករេចង្កូត មុននឹងសំដៅទៅបុកព្រះសង្ឃតែម្តង។

ប្រភព៖ ABC