មេដឹកនាំបក្សប្រឆាំងថៃ និងសមាជិកសភា ៤៣រូប បានចូលបង្ហាញខ្លួននៅតុលាការកំពូលថៃ ដែលប្រឈមនឹងការជាប់ពន្ធធនាគាររហូតដល់ ១៥ឆ្នាំ !
បាងកក៖ មេដឹកនាំគណបក្សប្រឆាំងដ៏ធំបំផុតរបស់ថៃ លោក Natthaphong Ruengpanyawut និងសមាជិកសភាបច្ចុប្បន្ន និងអតីតសមាជិកសភាសរុប ៤៤រូប បានចូលបង្ហាញខ្លួននៅតុលាការកំពូលថៃ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីប្រឈមការកាត់ក្តីពីបទចោទថា បានរំលោភក្រមសីលធម៌អ្នកកាន់តំណែងសាធារណៈ ពាក់ព័ន្ធនឹងការស្នើធ្វើវិសោធនកម្មច្បាប់ ប្រមាថព្រះមហាក្សត្រ (Lèse-majesté)។

សំណុំរឿងនេះ ត្រូវបានគេចាត់ទុកថា ជាបញ្ហាផ្លូវច្បាប់ចុងក្រោយបង្អស់ ដែលពាក់ព័ន្ធនឹងអ្នកនយោបាយមកពីអតីតគណបក្ស Move Forward Party ដែលត្រូវបានតុលាការបញ្ជាឱ្យរំលាយ ហើយក្រោយមកបានបង្កើតជាគណបក្ស People’s Party។
យោងតាមសារព័ត៌មាន CNA គណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ (NACC) បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូលកាលពីខែមេសា ឆ្នាំ២០២៦ ដោយចោទប្រកាន់ថា អ្នកនយោបាយទាំង ៤៤រូប បានរំលោភក្រមសីលធម៌តាមរយៈការជំរុញឱ្យកែប្រែច្បាប់ Lèse-majesté ដែលការពារព្រះមហាក្សត្រ និងសមាជិកព្រះរាជវង្សពីការរិះគន់។
កាលពីឆ្នាំ២០២១ អតីតគណបក្ស Move Forward បានដាក់សេចក្តីព្រាងច្បាប់ស្នើកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ ដោយអះអាងថា ច្បាប់នេះត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយដើម្បីបង្ក្រាបអ្នករិះគន់។ បច្ចុប្បន្ន ច្បាប់នេះកំណត់ទោសជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ចំពោះបទល្មើសនីមួយៗ។
ដោយឡែក សំណុំរឿងនេះត្រូវបានគេមើលឃើញថា អាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់អនាគតនយោបាយរបស់លោក Natthaphong និងអ្នកនយោបាយជាច្រើនរូបផ្សេងទៀត ប្រសិនបើតុលាការសម្រេចថា ពួកគេពិតជាបានប្រព្រឹត្តការរំលោភក្រមសីលធម៌មែន។
ប្រភព៖ CNA











