កូរ៉េខាងត្បូងបង្វឹកទាហាន ៥០ម៉ឺននាក់ឱ្យក្លាយជា «អ្នកចម្បាំងដ្រូន» ដើម្បីទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង


សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសផែនការកែទម្រង់វិស័យការពារជាតិដ៏ធំមួយ ដោយមានគោលដៅបណ្តុះបណ្តាលកងកម្លាំងយោធាចំនួន ៥០ម៉ឺននាក់ ឱ្យក្លាយជា «អ្នកចម្បាំងដ្រូន» (Drone Warriors) ខណៈប្រទេសនេះកំពុងបង្កើនសមត្ថភាពប្រយុទ្ធដោយប្រើយន្តហោះគ្មានមនុស្សបើក (Drone) និងបច្ចេកវិទ្យាប្រឆាំងដ្រូន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីកូរ៉េខាងជើង។

រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back បានថ្លែងថា គោលដៅរបស់រដ្ឋាភិបាលគឺ “ធ្វើឱ្យទាហានគ្រប់រូបអាចប្រើប្រាស់ដ្រូនបានដូចជាការប្រើប្រាស់អាវុធផ្ទាល់ខ្លួនមួយដែរ”។ លោកបានលើកឡើងថា សង្គ្រាមនៅអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា បានបង្ហាញយ៉ាងច្បាស់ថា “ដ្រូនបានក្លាយជាកត្តាផ្លាស់ប្តូរទម្រង់សង្គ្រាមសម័យថ្មី”។

ផែនការនេះ នឹងគ្របដណ្តប់លើកងទ័ពជើងគោក ជើងទឹក កងទ័ពអាកាស និងកងម៉ារីនទាំងមូល។ ក្រសួងការពារជាតិគ្រោងទិញដ្រូនហ្វឹកហាត់ចំនួន ១១,០០០គ្រឿងនៅឆ្នាំ២០២៦ និងបង្កើនដល់ប្រមាណ ៦០,០០០គ្រឿងនៅឆ្នាំ២០២៩។ លើសពីនេះ កូរ៉េខាងត្បូងក៏មានផែនការផលិត និងដាក់ឱ្យប្រើប្រាស់ដ្រូនជាង ១១០,០០០គ្រឿង និងដ្រូនវាយប្រហារតម្លៃទាបជាង ២០,០០០គ្រឿង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ផងដែរ។

ជាមួយគ្នានេះ ទីក្រុងសេអ៊ូលក៏កំពុងពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាប្រឆាំងដ្រូន រួមមានអាវុធឡាស៊ែរ ប្រព័ន្ធរលកមីក្រូវ៉េវ និងប្រព័ន្ធដ្រូនស្វ័យប្រវត្តិប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីការពារទប់ទល់ការវាយប្រហារពីសត្រូវ។

ការប្រកាសនេះ កើតឡើងក្នុងពេលដែលកូរ៉េខាងជើងបន្តអភិវឌ្ឍសមត្ថភាពដ្រូន មីស៊ីល និងអាវុធនុយក្លេអ៊ែរ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ដ្រូនរបស់កូរ៉េខាងជើង ធ្លាប់បានហោះចូលដែនអាកាសកូរ៉េខាងត្បូង បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខជាតិ។ ការណ៍នេះ នាំឲ្យមន្ត្រីកូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការយោធាកាន់តែខ្លាំងឡើងទ្វេដង។

តាមរយៈនេះ អ្នកវិភាគយោធាអន្តរជាតិមើលឃើញថា ផែនការ «អ្នកចម្បាំងដ្រូន ៥០ម៉ឺននាក់» គឺជាការបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រការពារជាតិរបស់កូរ៉េខាងត្បូង ដែលកំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមសម័យថ្មី ដែលបច្ចេកវិទ្យាគ្មានមនុស្សបើក និងបញ្ញាសិប្បនិម្មិតនឹងដើរតួនាទីកាន់តែសំខាន់លើសមរភូមិ។

ប្រភព៖ The Guardian