ក្រសួងទេសចរណ៍៖ «ទី​ក្រុង​កំពតត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ»


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយស្តីពីការរៀបចំឯកសារបេក្ខភាពទីក្រុងកំពត ដើម្បីចូលជា​បណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network – UCCN) ដោយមានការចូលរួមពីឯកឧត្តម ផ្លាវីអូ បូណេទី (Flavio Bonetti) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ ឯកឧត្ដម​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត, រដ្ឋបាលខេត្តកំពតនិងភាគីពាក់ព័ន្ធក្នុងខេត្ត តំណាងរដ្ឋបាលខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី វិស័យ​​ឯកជន និង​អ្នកជំនាញការ សរុបប្រមាណ​ជាង​២០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិក្ខាសាលាខាង​លើ​​នេះមិនត្រឹមតែជាវេទិកាពិគ្រោះយោបល់បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ ភាពច្នៃប្រឌិត និងអត្តសញ្ញាណមូលដ្ឋានឱ្យទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តកំពត មានសក្តានុពលដ៏សម្បូរបែប ទាំងផ្នែកធនធានធម្មជាតិ ទេសភាពស្រស់ស្អាត បេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង និងផលិតផលកសិទេសចរណ៍​ដែល​បាន​ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ហើយ​មាន​ភាព​ល្បីល្បាញលើឆាកអន្តរជាតិ ដូចជា ម្រេចកំពត អំបិល និងផ្កាអំបិលកំពត ទឹកត្រីកំពត ព្រមទាំងធុរេនកំពត និងគ្រឿងសមុទ្រស្រស់ៗ ដែលសុទ្ធសឹងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ។

ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទេសចរណ៍សម័យថ្មីមិនត្រឹមតែផ្តោតលើការទស្សនាទេសភាពប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរចង់ទទួលបានបទពិសោធន៍ពិតប្រាកដ តាមរយៈវប្បធម៌ ម្ហូបអាហារ សិល្បៈ តន្ត្រី។ល។ ដូច្នេះ ការចូលរួមក្នុងបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់យូណេស្កូផ្នែក​ម្ហូប​អាហារ​ នឹងក្លាយជាយុទ្ធសាស្ត្រសំខាន់ក្នុងការទាក់ទាញវិនិយោគិន បង្កើនការប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្រ្ តី​បានសម្តែងជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធ ទី​ក្រុង​កំពតនឹងអាចលើកកម្ពស់កិត្យានុភាពរបស់ខ្លួន និងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ ដែលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌ ភាពច្នៃប្រឌិតផ្នែក​ម្ហូប​អាហារ​ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏​បានលើក​ទឹក​ចិត្ត និង​ជំរុញ​ដល់រាជធានី និង​ខេត្តផ្សេងៗក្នុងការចុះសិក្សា ស្វែងរក ជីក​​កកាយ និងបង្ហាញនូវសក្តានុពលវប្បធម៌ អាហារ និងភាពច្នៃប្រឌិត ដែលលាក់កំបាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមខ្លួនចូលរួមក្នុងបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់អង្គការយូណេស្កូនាពេលអនាគត។