អ៊ុយក្រែនផ្ដោតការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គ្រីមៀ ក្នុងបំណងកាត់ផ្ដាច់ខ្សែផ្គត់ផ្គង់ថាមពល និងបង្កើនសម្ពាធសេដ្ឋកិច្ចរុស្សី
អ៊ុយក្រែនកំពុងបង្កើនការវាយប្រហារលើឧបទ្វីបគ្រីមៀដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក្នុងគោលបំណងរំខានដល់ខ្សែផ្គត់ផ្គង់ និងធ្វើឱ្យការកាន់កាប់តំបន់នេះរបស់ទីក្រុងមូស្គូមានការចំណាយខ្ពស់ជាងមុន។


យោងតាមប្រភពយោធា និងមន្ត្រីអ៊ុយក្រែន ការវាយប្រហារថ្មីៗបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានស្ពាន Kerch ដែលតភ្ជាប់គ្រីមៀទៅកាន់ទឹកដីរុស្ស៊ី ផ្លូវដឹកជញ្ជូន Novorossiya ឃ្លាំងប្រេង និងមជ្ឈមណ្ឌលដឹកជញ្ជូនផ្សេងៗ។ អ៊ុយក្រែនជឿថា ការកាត់ផ្តាច់ខ្សែផ្គត់ផ្គង់អាចធ្វើឱ្យសមត្ថភាពយោធារបស់រុស្ស៊ីនៅគ្រីមៀចុះខ្សោយ និងបង្កសម្ពាធសេដ្ឋកិច្ចលើអាជ្ញាធរកាន់កាប់។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) បានបង្កឱ្យមានវិបត្តិខ្វះប្រេងឥន្ធនៈធ្ងន់ធ្ងរបំផុតនៅគ្រីមៀចាប់តាំងពីរុស្ស៊ីដណ្តើមយកតំបន់នេះក្នុងឆ្នាំ ២០១៤។ អាជ្ញាធរដែលគាំទ្រដោយរុស្ស៊ីបានផ្អាកការលក់ប្រេងឥន្ធនៈដល់សាធារណជន និងអាជីវកម្មជាច្រើន ដោយរក្សាទុកសម្រាប់តែសេវាសាធារណៈ និងស្ថាប័នសន្តិសុខប៉ុណ្ណោះ។
ជាមួយគ្នានេះ អាជ្ញាធរគ្រីមៀក៏បានប្រកាសបិទជំរុំរដូវក្តៅសម្រាប់កុមាររហូតដល់ខែកញ្ញា ផ្អាកព្រឹត្តិការណ៍សាធារណៈមួយចំនួន និងកាត់បន្ថយការប្រើប្រាស់ភ្លើងបំភ្លឺតាមដងផ្លូវ ដើម្បីដោះស្រាយបញ្ហាផ្គត់ផ្គង់ និងសន្តិសុខ។
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារឃ្លាំងប្រេងមួយនៅទីក្រុង Kerch ក្នុងគ្រីមៀ និងទីតាំងដឹកជញ្ជូនប្រេងមួយនៅតំបន់ Krasnodar របស់រុស្ស៊ី។ លោកបាននិយាយថា ប្រតិបត្តិការទាំងនេះជា «ទណ្ឌកម្ម» ដែលមានគោលបំណងបង្កើនសម្ពាធលើរុស្ស៊ី។
អ្នកវិភាគយោធាមើលឃើញថា យុទ្ធសាស្ត្ររបស់អ៊ុយក្រែនបានផ្លាស់ប្តូរពីការវាយប្រហារលើគោលដៅយោធាតែមួយៗ ទៅជាការរំខានដល់បណ្តាញដឹកជញ្ជូន និងខ្សែផ្គត់ផ្គង់ទាំងមូល។ វិធីសាស្ត្រនេះ អាចបង្កផលប៉ះពាល់ជាបន្តបន្ទាប់ដល់ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅភាគខាងត្បូងអ៊ុយក្រែន និងតំបន់សមុទ្រខ្មៅ។
ទោះជាយ៉ាងណា ភាគីរុស្ស៊ីបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់រយគ្រឿងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយកំពុងចាត់វិធានការបន្ត ដើម្បីរក្សាស្ថិរភាពការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងសេវាសាធារណៈនៅគ្រីមៀ។
ប្រភព៖ The Guardian











