ឯកឧត្តមបណ្ឌិតសោមរតនា៖ ភាសាមិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ទំនាក់ទំនងប៉ុណ្ណោះទេ តែជាស្ពានតភ្ជាប់រវាងវប្បធម៌ សហគមន៍ និងប្រជាជាតិ
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោមរតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «Access Summit 2026» ដែលរៀបចំឡើងនៅខេត្តសៀមរាប។ កម្មវិធីនេះមានការចូលរួមពីលោក Benjamin Chiang ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី Meloney Lindberg ប្រធានតំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ព្រមទាំងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អ្នកជំនាញផ្នែកអប់រំ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ រួមជាមួយសិស្សានុសិស្ស និស្សិតយ៉ាងច្រើនកុះករមកពីបណ្ដាប្រទេសក្នុងតំបន់។














ជាកិច្ចចាប់ផ្ដើម លោក Benjamin Chiang ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានឯកឧត្តមបណ្ឌិត សោម រតនា។ លោក Benjamin Chiang ក៏បានលើកឡើងថា កម្មវិធី Access Summit 2026 ថា ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ការអប់រំភាសាអង់គ្លេសប្រកបដោយគុណភាពដល់សិស្សានុសិស្សពង្រឹងទំនុកចិត្តភាពជាអ្នកដឹកនាំសមត្ថភាពត្រិះរិះពិចារណានិងការយល់ដឹងអំពីពិភពលោក។កម្មវិធីនេះក៏មានគោលដៅពង្រីកឱកាសសិក្សាភាសាអង់គ្លេសដល់យុវជននៅតាមបណ្ដាខេត្តព្រមទាំងបង្កើតវេទិកាឱ្យសិស្សានុសិស្សមកពីកម្ពុជាឡាវវៀតណាមនិងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរបទពិសោធន៍វប្បធម៌និងកសាងចំណងមិត្តភាពអន្តរជាតិ។ទន្ទឹមនឹងនេះកម្មវិធីក៏រួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់យុវជនស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០២៤–២០២៨របស់ក្រសួងអប់រំយុវជននិងកីឡា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម រតនា បានថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ការិយាល័យភាសាអង់គ្លេសប្រចាំតំបន់នៃស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហាណូយ និងអង្គការមូលនិធិអាស៊ី (The Asia Foundation) ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការអប់រំភាសាអង់គ្លេស និងបង្កើតឱកាសសិក្សាសម្រាប់យុវជនកម្ពុជា។
ឯកឧត្តមបណ្ឌិតបានលើកឡើងថា កម្មវិធី Access បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការអប់រំភាសាអង់គ្លេសប្រកបដោយគុណភាព ព្រមទាំងជួយអភិវឌ្ឍទំនុកចិត្ត ភាពជាអ្នកដឹកនាំ សមត្ថភាពត្រិះរិះពិចារណា និងការយល់ដឹងអំពីពិភពលោកដល់យុវជន។ ឯកឧត្តមបណ្ឌិតបានគូសរំលេចថា ការលើកកម្ពស់ការអប់រំភាសាអង់គ្លេស គឺស្របទៅនឹងផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ ២០២៤-២០២៨ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តោតលើការអប់រំភាសាបរទេស ការធ្វើអន្តរជាតូបនីយកម្ម និងការអភិវឌ្ឍជំនាញសម្រាប់ទីផ្សារការងារ។ បច្ចុប្បន្ន មាននិស្សិតកម្ពុជាប្រមាណ ១,០០០នាក់ កំពុងបន្តការសិក្សានៅសហរដ្ឋអាមេរិក ដែលជាចំនួនកើនឡើង ៥៥ភាគរយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ និងជាអត្រាកំណើនខ្ពស់បំផុតក្នុងតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ភាសាអង់គ្លេសមិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានតភ្ជាប់វប្បធម៌ សហគមន៍ និងប្រជាជាតិនានា ហើយជួយឱ្យយុវជនអាចចូលដំណើរការចំណេះដឹង ចូលរួមក្នុងកិច្ចសន្ទនាអន្តរជាតិ និងចាប់យកឱកាសក្នុងសេដ្ឋកិច្ចសកល។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា សម្រាប់ប្រទេសកម្ពុជា ការពង្រឹងការអប់រំភាសាអង់គ្លេសនៅតែជាធាតុផ្សំដ៏សំខាន់ក្នុងការរៀបចំយុវជនរបស់យើងឱ្យឆ្លើយតបទៅនឹងឱកាស និងតម្រូវការនៃសតវត្សទី២១៕












