រុស្ស៊ីព្រមានពលរដ្ឋខ្លួនកុំធ្វើដំណើរទៅថៃ ដោយខ្លាចប្រឈមនឹងការចាប់ខ្លួនតាមសំណើអាមេរិក!


ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីព្រមានបន្ទាន់មួយដល់ពលរដ្ឋរបស់ខ្លួន ឱ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយសារតែមានការគំរាមកំហែងខ្ពស់នៃការចាប់ខ្លួនតាមសំណើពីសំណាក់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា៖ «យើងសូមណែនាំយ៉ាងម៉ឺងម៉ាត់ដល់ពលរដ្ឋរុស្ស៊ីទាំងឡាយណា ដែលមានហេតុផលសង្ស័យថា ខ្លួនអាចនឹងត្រូវទទួលរងការចោទប្រកាន់ព្រហ្មទណ្ឌពីអាជ្ញាធរអាមេរិក ឱ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសថៃទាំងស្រុង»។ ជាមួយគ្នានេះ ក្រសួងក៏បានបន្ថែមថា សូម្បីតែការចូលចតប្តូរជើងហោះហើរ (Transit) នៅតាមព្រលានយន្តហោះនានាក្នុងប្រទេសថៃ ក៏មិនគួរធ្វើដែរ។

មូលហេតុចម្បងដែលនាំឱ្យមានការព្រមាននេះ គឺដោយសារតែទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបាងកក មានសន្ធិសញ្ញាធ្វើបត្យាប័នទ្វេភាគីជាមួយគ្នា (សន្ធិសញ្ញាបញ្ជូនខ្លួនជនសង្ស័យ)។
ការចេញមុខព្រមានពីរដ្ឋាភិបាលទីក្រុងម៉ូស្គូនេះ ធ្វើឡើងចំសប្តាហ៍តែមួយដែលជនសង្ស័យជា Hacker ជនជាតិរុស្ស៊ីម្នាក់ឈ្មោះ លោក Denis Obrezko បានបង្ហាញខ្លួនជាលើកដំបូងនៅតុលាការសហរដ្ឋអាមេរិក បន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំមុន។

ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា «ប្រព័ន្ធយុត្តិធម៌ដាក់ទណ្ឌកម្ម» របស់ទីក្រុងវ៉ាស៊ីនតោន មានការកើនឡើងខ្លាំង ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន កាលពីជាង ៤ឆ្នាំមុន។

ស្ថាប័នដដែលនេះ បានព្រមានពលរដ្ឋខ្លួនថា ពួកគេអាចនឹងក្លាយជាគោលដៅ «ដោយមិនដឹងខ្លួន» នៃទណ្ឌកម្មដ៏ទូលំទូលាយរបស់អាមេរិក ដែលកំពុងដាក់លើបុគ្គល និងអង្គភាពនានា។ រុស្ស៊ីក៏បានចោទប្រកាន់ទៀតថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានរំលងអាជ្ញាធរថៃ នៅក្នុងប្រតិបត្តិការបង្ក្រាបលើពលរដ្ឋរុស្ស៊ី។

ប្រទេសថៃ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកទេសចររុស្ស៊ី បែរជាកំពុងក្លាយជាទីតាំងចម្បងមួយ ដែលទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់ដើម្បីបើកយុទ្ធនាការ ‘ប្រមាញ់’ ជនជាតិរុស្ស៊ីទៅវិញ»។ នេះបើតាមការបន្ថែមពីក្រសួងការបរទេសរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានដកស្រង់សម្តីរបស់តំណាង ATOR ដែលបានបញ្ជាក់ថា៖ «សម្រាប់ពលរដ្ឋទាំងឡាយណា ដែលដឹងខ្លួនថាអាចមានការពាក់ព័ន្ធនឹងបណ្តឹងផ្លូវច្បាប់ពីប្រទេសទីបី ជុំវិញសកម្មភាពរបស់ខ្លួន គួរតែអនុវត្តតាមការណែនាំរបស់ក្រសួងការបរទេសរុស្ស៊ីជាដាច់ខាត»។

ប្រភព៖ The Moscow Time