ថៃ ស្នើឲ្យមានកិច្ចពិភាក្សាបន្ទាន់ជាមួយម៉ាឡេស៊ី ក្រោយហាមឃាត់ការនាំចូលបង្គា ៥ ប្រភេទពីថៃ ធ្វើឲ្យសេដ្ឋកិច្ចថៃ ខាតបង់រាប់លានដុល្លារ!


នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរ៉ាគុល បានអំពាវនាវឱ្យមានកិច្ចពិភាក្សាបន្ទាន់ជាមួយប្រទេសម៉ាឡេស៊ី បន្ទាប់ពីទីក្រុងកូឡាឡាំពួរ បានដាក់បម្រាមបណ្តោះអាសន្នលើការនាំចូលបង្គាចំនួន ៥ ប្រភេទពីប្រទេសថៃ ដែលជាវិធានការមួយស្ថិតក្រោមការរឹតបន្តឹងស្តង់ដារត្រួតពិនិត្យផលិតផលជលផលនាំចូល។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោកអនុទីនបានបញ្ជាឱ្យក្រសួងពាក់ព័ន្ធ រួមទាំងក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មនិងសហករណ៍ ចាប់ផ្តើមពិភាក្សាជាបន្ទាន់ជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីស្វែងរកដំណោះស្រាយពាណិជ្ជកម្មទ្វេភាគី និងការពារផលប្រយោជន៍របស់កសិករ និងអ្នកនាំចេញថៃ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី រ៉ាចាដា ថាណាឌីរ៉េក (Ratchada Thanadirek) បានថ្លែងថា ប្រសិនបើបញ្ហានេះអូសបន្លាយពេលយូរ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃបង្គានៅកម្រិតកសិដ្ឋាន ប្រាក់ចំណូលរបស់កសិករខ្នាតតូច និងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មគ្រឿងសមុទ្រទាំងមូល។

លោកស្រី បានបន្ថែមថា ឧស្សាហកម្មបង្គាមិនត្រឹមតែគាំទ្រដល់កសិករថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងអ្នកប្រមូលទិញ រោងចក្រកែច្នៃ ក្រុមហ៊ុននាំចេញ និងកម្មកររាប់ម៉ឺននាក់ទៀតផង។ ដូច្នេះ រដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យកសិករទទួលបន្ទុកផលប៉ះពាល់នេះតែម្នាក់ឯងឡើយ។

យោងតាមទិន្នន័យរបស់ថៃ ប្រទេសនេះនាំចេញបង្គាទៅម៉ាឡេស៊ីប្រមាណពី ៦,០០០ ទៅ ៨,០០០ តោនក្នុងមួយឆ្នាំ ដែលស្មើនឹងប្រមាណ ៥ ភាគរយនៃការនាំចេញបង្គាសរុបរបស់ប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយថៃ បានប៉ាន់ប្រមាណថា ការហាមឃាត់នេះ អាចបណ្តាលឱ្យថៃខាតបង់ប្រាក់ចំណូលជាង ៤ ពាន់លានបាត (ប្រមាណ ១២២ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ការហាមនាំចូលនេះ បានចូលជាធរមានកាលពីថ្ងៃទី១ ខែមិថុនា បន្ទាប់ពីក្រសួងកសិកម្ម និងសន្តិសុខស្បៀងអាហារម៉ាឡេស៊ីបានប្រកាសកាលពីថ្ងៃទី១៦ ខែឧសភា។ បម្រាមនេះគ្របដណ្តប់លើបង្គា ៥ ប្រភេទ រួមមាន បង្គាខ្លា បង្គាស បង្គាចេក បង្គាពណ៌ត្នោត និងបង្គាពណ៌ខៀវ ព្រមទាំងតម្រូវឱ្យផលិតផលត្រីសមុទ្រនាំចូលពីថៃមានវិញ្ញាបនបត្រវិភាគមន្ទីរពិសោធន៍បញ្ជាក់ការអនុលោមតាមស្តង់ដារសុវត្ថិភាពស្បៀងអាហាររបស់ម៉ាឡេស៊ី។

ប្រភព៖ CNA