ក្រសួងកសិកម្ម ត្រៀមវិធានការគាំទ្របងប្អូនកសិករ ដោយរៀបចំបម្រុងរួចជាស្រេច នូវគ្រាប់ពូជ គ្រាប់ដំណាំ សម្រាប់ចែកជូនកសិករក្នុងករណីចាំបាច់ នៅរដូវវស្សាឆ្នាំ២០២៦ នេះ!
នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «វិធានការត្រៀមលក្ខណៈ និងបង្ការហានិភ័យក្នុងវិស័យកសិកម្ម នារដូវវស្សាឆ្នាំ២០២៦» ទាំងផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ទាំង២៥។



កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីធានាបាននូវការគាំទ្រដ៏កក់ក្តៅដល់បងប្អូនប្រជាកសិករ។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងរៀបចំផែនការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដោយមានការត្រៀមបម្រុងរួចជាស្រេចនូវគ្រាប់ពូជដំណាំសម្រាប់ចែកជូនកសិករក្នុងករណីចាំបាច់។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីតាមដាន វាយតម្លៃស្ថានភាព និងរួមគ្នាឆ្លើយតបឱ្យបានរហ័ស និងមានប្រសិទ្ធភាពខ្ពស់ រាល់ស្ថានភាពប្រែប្រួលអាកាសធាតុ ឬបញ្ហាសត្វល្អិតចង្រៃផ្សេងៗ។
លើសពីនេះ ក្រុមការងារបានដៅលើការងារត្រៀមបង្ការជាមុន ដោយរៀបចំកញ្ចប់គ្រាប់ពូជស្រូវ គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំ ព្រមទាំងសម្ភារឧបទេសនានាទុកជាស្រេច។ ចំពោះផ្នែកបសុសត្វ ក្រសួងក៏បាន និងកំពុងបន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងការពារ ថែទាំសុខភាពសត្វ និងត្រៀមវិធានការឆ្លើយតបផ្នែកបសុព្យាបាលក្នុងរដូវវស្សានេះផងដែរ៕
ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ














