អ៊ីស្រាអែលពង្រីកប្រតិបត្តិការយោធា កាន់កាប់ប្រាសាទ Beaufort ភាគខាងត្បូងលីបង់ ដែលចាត់ទុកជាការវាយលុកចូលជ្រៅបំផុត អស់រយៈពេល ២៦ឆ្នាំ!


កងទ័ពអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានដណ្តើមកាន់កាប់ ប្រាសាទប្រវត្តិសាស្រ្ត Beaufort ដែលស្ថិតនៅលើកំពូលភ្នំក្នុងភាគខាងត្បូងប្រទេសលីបង់ ដោយចាត់ទុកថា ជាការវាយលុកជ្រៅបំផុតចូលក្នុងទឹកដីលីបង់ ក្រោយបានចាកចេញរយៈពេលជាង ២៦ ឆ្នាំ ខណៈការប្រយុទ្ធជាមួយក្រុម Hezbollah កំពុងបន្តកើនឡើង ទោះបីមានបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ។

គួរបញ្ជាក់ថា ប្រាសាទ Beaufort ដែលត្រូវបានសាងសង់តាំងពីសម័យសង្គ្រាម Crusader មានទីតាំងជិតទីក្រុង Nabatiyeh និងស្ថិតនៅលើតំបន់ខ្ពស់ដែលអាចមើលឃើញផ្នែកធំៗនៃភាគខាងត្បូងលីបង់ និងភាគខាងជើងអ៊ីស្រាអែល។ ដោយសារតែទីតាំងយុទ្ធសាស្ត្រនេះ វាត្រូវបានចាត់ទុកជាចំណុចសំខាន់សម្រាប់គ្រប់គ្រងចលនាយោធានៅតំបន់ព្រំដែន។

ការដណ្តើមកាន់កាប់ប្រាសាទនេះបានកើតឡើងបន្ទាប់ពីការវាយប្រហារតាមអាកាស និងការប្រយុទ្ធយ៉ាងខ្លាំងជាច្រើនថ្ងៃ នៅតាមភូមិនានាជុំវិញតំបន់ភ្នំ ដែលកងទ័ពអ៊ីស្រាអែលបានប៉ះទង្គិចដោយផ្ទាល់ជាមួយកម្លាំង Hezbollah។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានហៅការដណ្តើម Beaufort ថា ជា «ការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ធំ» ក្នុងយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹង Hezbollah។ លោកបានអះអាងថា អ៊ីស្រាអែលកំពុង «កាន់កាប់ការផ្តួចផ្តើម» នៅលើសមរភូមិជាច្រើន រួមមាន Syria Gaza Strip និងលីបង់។

បន្ទាប់ពីការកាន់កាប់ប្រាសាទ កងទ័ពអ៊ីស្រាអែលបានចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋនៅតំបន់ខាងត្បូងទន្លេ Zahrani ជម្លៀសខ្លួនជាបន្ទាន់ ដោយអះអាងថា ខ្លួនកំពុងបន្តប្រតិបត្តិការប្រឆាំងនឹង Hezbollah នៅតំបន់នោះ។

យោងតាមក្រសួងសុខាភិបាលលីបង់ មនុស្សជាង ៣,៣០០ នាក់បានស្លាប់ចាប់តាំងពីការប្រយុទ្ធជុំថ្មីផ្ទុះឡើងកាលពីខែមីនា ខណៈប្រជាជនជាង ១.២ លាននាក់ ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ខ្លួន។

ទន្ទឹមនឹងនេះ ក្រុម Hezbollah ក៏បានបន្តបាញ់គ្រាប់រ៉ុក្កែត និងដ្រូនឆ្លងព្រំដែនចូលភាគខាងជើងអ៊ីស្រាអែល ខណៈភាគីទាំងពីរកំពុងរៀបចំចូលរួមកិច្ចពិភាក្សាថ្មីមួយដែលគ្រោងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ។

ប្រភព៖CNA