បេក្ខជនសរុបចំនួន ១,៩០២នាក់ បានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ខណៈចំនួនត្រូវជ្រើសរើសមានត្រឹម ៤០ កន្លែងប៉ុណ្ណោះ សម្រាប់ ២៣ មុខជំនាញ!


នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងមុខងារសារធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

បេក្ខជនដែលបានដាក់ពាក្យចូលក្នុងប្រព័ន្ធសរុប ៣,៥៣៥ នាក់ ក្នុងនោះបេក្ខជនដែលមានសិទ្ធិប្រឡងប្រជែងសរុប ១,៩០២ នាក់ (ស្រី ៦៩៨ នាក់) ខណៈចំនួនត្រូវជ្រើសរើសមានត្រឹម ៤០ កន្លែងប៉ុណ្ណោះ សម្រាប់ ២៣ មុខជំនាញ ដោយបែងចែកជា ២ មុខតំណែងគឺ គាំទ្រ (ឧបសម្ព័ន្ធទី១) និងវិជ្ជាជីវៈ (ឧបសម្ព័ន្ធទី២)។

ដោយឡែក ការប្រឡងទាំងពីរមុខតំណែង បេក្ខជនត្រូវប្រឡងលើមុខវិជ្ជា ១.វិញ្ញាសាសរសេរជំនាញ/ឯកទេស ២.វិញ្ញាសាពហុចម្លើយភាសាអង់គ្លេស និង ៣.សំណួរពហុចម្លើយចំណេះដឹងទូទៅពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកដិច្ច និង (២)ការងារកិច្ចការព្រំដែន។

ជាមួយគ្នានេះ ដើម្បីធានាឱ្យបាននូវតម្លាភាព និងសុក្រឹតភាពនៃដំណើរការប្រឡង មានការចូលរួមសង្កេតការណ៍ពីស្ថាប័នពាក់ព័ន្ធនានា រួមមាន អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យមុខងារសាធារណៈ តំណាងសាកលវិទ្យាល័យ តំណាងមហាជន និងអ្នកសារព័ត៌មាន។

គួរបញ្ជាក់ផងដែរថា ដំណើរការកំណែ និងនីតិវិធីបន្ត នឹងចាប់ផ្តើមបើក Seal នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ (TBC ម៉ោង) នៅមណ្ឌលកំណែ សាលាភូមិន្ទរដ្ឋបាល ដោយគ្រោងប្រកាសលទ្ធផលស្ថាពរសម្រាប់បេក្ខជនក្នុងឧបសម្ព័ន្ធទី១ នាល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅមណ្ឌលកំណែ សាលាភូមិន្ទរដ្ឋបាល។ ដោយឡែក ការប្រឡងសម្ភាសន៍ផ្ទាល់មាត់សម្រាប់បេក្ខជន (ឧបសម្ព័ន្ធទី២) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ហើយលទ្ធផលនឹងត្រូវប្រកាសក្នុងថ្ងៃតែមួយ។