|

រុស្ស៊ីព្រមានវាយប្រហារបន្ថែមលើទីក្រុងកៀវ និងអំពាវនាវឱ្យជនបរទេសចាកចេញពីអ៊ុយក្រែនជាបន្ទាន់!


រដ្ឋាភិបាលរុស្ស៊ី បានព្រមានថា នឹងបន្តការវាយប្រហារយ៉ាងខ្លាំងលើទីក្រុងកៀវរបស់អ៊ុយក្រែន ខណៈដែលមន្ត្រីរុស្ស៊ីក៏បានអំពាវនាវឱ្យជនបរទេស និងបុគ្គលិកអន្តរជាតិ ចាកចេញពីទីក្រុងនេះជាបន្ទាន់ផងដែរ។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីទីក្រុងកៀវបានរងការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនដ៏ធំបំផុតមួយ ចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង។ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា ការវាយប្រហារនេះបានបង្កការខូចខាតដល់អគារស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ខណៈប្រជាពលរដ្ឋរាប់ពាន់នាក់ត្រូវចុះទៅជ្រកក្នុងទីជម្រកបន្ទាន់។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ការវាយប្រហារបន្ថែមនាពេលខាងមុខ នឹងផ្តោតលើ “ទីតាំងបញ្ជាការ” របស់អ៊ុយក្រែន ព្រមទាំងរោងចក្រផលិតដ្រូន និងសម្ភារៈយោធាជាដើម។

មន្ត្រីអ៊ុយក្រែនបានអះអាងថា រុស្ស៊ីកំពុងបង្កើនសម្ពាធយោធាលើទីក្រុងកៀវ ដើម្បីបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងបង្ខំឱ្យអ៊ុយក្រែនទទួលយកលក្ខខណ្ឌនយោបាយរបស់ទីក្រុងមូស្គូ។ ទន្ទឹមនឹងនេះ ប្រទេសលោកខាងលិចជាច្រើនបានបន្តអំពាវនាវឱ្យមានការកាត់បន្ថយអំពើហិង្សា និងការពារសុវត្ថិភាពជនស៊ីវិល។

យ៉ាងណាមិញ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកនេះ កំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំងដល់សន្តិសុខតំបន់អឺរ៉ុប និងសេដ្ឋកិច្ចពិភពលោក ជាពិសេសលើវិស័យ
ថាមពល និងស្បៀងអាហារ។

ប្រភព៖ BBC