|

កងទ័ពមីយ៉ាន់ម៉ាបង្កើនការប្រយុទ្ធគ្នានៅតំបន់រ៉ែកម្រ និងច្រកព្រំដែនជាប់ប្រទេសចិន


យោធាមីយ៉ាន់ម៉ាកំពុងបង្កើនប្រតិបត្តិការវាយលុកនៅតំបន់ព្រំដែនសំខាន់ៗ រួមទាំងតំបន់សម្បូររ៉ែកម្រ (rare earth) និងច្រកពាណិជ្ជកម្មយុទ្ធសាស្ត្រ បន្ទាប់ពីរដ្ឋបាលយោធាថ្មីចូលកាន់អំណាចជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២៦។

យោងតាមសារព័ត៌មាន Reuters ប្រតិបត្តិការយោធាថ្មីៗនេះផ្តោតទៅលើរដ្ឋ Kachin, Chin និង Karen ដែលជាតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិច។ តំបន់ទាំងនេះមានសារៈសំខាន់ខ្លាំងទាំងផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ ព្រោះវាជាច្រកភ្ជាប់ពាណិជ្ជកម្មជាមួយចិន ឥណ្ឌា និងថៃ។

តាមប្រភពបញ្ជាក់ថា រដ្ឋ Kachin ស្ថិតនៅជាប់ព្រំដែនចិន ត្រូវបានគេចាត់ទុកថា ជាប្រភពរ៉ែកម្រ​ដ៏សំខាន់មួយសម្រាប់ពិភពលោក ហើយ ចិនជាប្រទេសពឹងផ្អែកយ៉ាងខ្លាំងលើរ៉ែកម្រ​ពីមីយ៉ាន់ម៉ា សម្រាប់ផលិតកម្មបច្ចេកវិទ្យាខ្ពស់ អាវុធ និងឧស្សាហកម្ម semiconductor។

យោធាមីយ៉ាន់ម៉ាកំពុងព្យាយាមដណ្តើមយកតំបន់ Pang War និងតំបន់ជិតព្រំដែនផ្សេងៗ ដែលជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការជីករ៉ែកម្រ ដោយកាលពីឆ្នាំ២០២៤ កងកម្លាំង Kachin Independence Army (KIA) បានដណ្តើម និងគ្រប់គ្រងតំបន់រ៉ែកម្រជាច្រើនពីកងកម្លាំងគាំទ្ររដ្ឋាភិបាល។

ក្រោមការដឹកនាំរបស់មេបញ្ជាការថ្មី Ye Win Oo យោធាមីយ៉ាន់ម៉ាបានបង្កើនការវាយប្រហារដើម្បីយកតំបន់សេដ្ឋកិច្ចសំខាន់ៗមកវិញ ដោយ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមើលឃើញថា ការគ្រប់គ្រងច្រកព្រំដែន និងធនធានរ៉ែកម្រ គឺជាចំណុចសំខាន់សម្រាប់ការរកចំណូល និងការរក្សាអំណាចរបស់ខ្លួន។

ដោយឡែក ក្រុមប្រដាប់អាវុធជនជាតិភាគតិចដូចជា KIA និង Chin National Front ក៏បានត្រៀមខ្លួនទប់ទល់នឹងការវាយលុកថ្មីៗនេះ ដោយប្រើយុទ្ធសាស្ត្រដកថយ និងការពារតំបន់សំខាន់ៗនោះផងដែរ។

ប្រភព៖ Reuter