|

ក្រុមអ្នកទោសវ៉េណេស៊ុយអេឡាឡើងកាន់កាប់ដំបូលពន្ធនាគារ ដើម្បីទាមទារបញ្ឈប់អំពើហិង្សា


ក្រុមអ្នកទោសនៅក្នុងពន្ធនាគារមួយកន្លែង ស្ថិតក្នុងរដ្ឋ Barinas ភាគខាងលិចប្រទេសវ៉េណេស៊ុយអេឡា បានបើកយុទ្ធនាការតវ៉ាយ៉ាងស្រួចស្រាវ ដោយបានឡើងទៅកាន់កាប់លើដំបូលអគារពន្ធនាគារ ដើម្បីស្រែកទាមទាររកយុត្តិធម៌ ក្រោយពីមានការចោទប្រកាន់ថាមានការបាញ់ប្រហារ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់មន្ត្រីយាមកាម។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល និងការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសាររបស់អ្នកទោស ដែលបានមកជួបជុំគ្នានៅខាងក្រៅរបងពន្ធនាគារ ដើម្បីតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។

យោងតាមវីដេអូដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម និងការបញ្ជាក់ពីក្រុមសកម្មជនសិទ្ធិមនុស្សក្នុងស្រុក បានបង្ហាញឱ្យឃើញនូវទិដ្ឋភាពក្រុមអ្នកទោសជាច្រើននាក់ ឈរនៅលើដំបូលស័ង្កសីនៃពន្ធនាគារ ដោយខ្លះមានកាន់បដាតវ៉ា និងខ្លះទៀតបានស្រែកទាមទារឱ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំពន្ធនាគារជាបន្ទាន់។ ក្រុមអ្នកទោសបានអះអាងថា ពួកគេត្រូវបានរងការធ្វើបាបខាងរាងកាយ ការបង្អត់អាហារ និងការប្រើប្រាស់ហិង្សាដោយអាវុធពីសំណាក់ឆ្មាំពន្ធនាគារ ដែលជាទង្វើរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋានរបស់ជនជាប់ឃុំ។

ស្ថាប័នសង្កេតការណ៍ពន្ធនាគារវ៉េណេស៊ុយអេឡា (OVP) បានគូសបញ្ជាក់ថា វិបត្តិនេះបានស្តែងឱ្យឃើញកាន់តែច្បាស់អំពីបញ្ហារ៉ាំរ៉ៃនៅក្នុងប្រព័ន្ធពន្ធនាគារ រួមមានភាពណែនណាន់ត្បៀតខ្លាំង និងអំពើពុករលួយ។ អង្គការនេះបានអំពាវនាវឱ្យរដ្ឋាភិបាលចូលខ្លួនមកដោះស្រាយវិបត្តិនេះតាមផ្លូវសន្តិវិធី និងជៀសវាងការប្រើប្រាស់កម្លាំងបង្រ្កាបដែលអាចបណ្តាលឱ្យមានការបាត់បង់ជីវិត។

រហូតមកដល់ពេលនេះ អាជ្ញាធរវ៉េណេស៊ុយអេឡានៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការនៅឡើយទេ ខណៈដែលកងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយយ៉ាងតឹងរ៉ឹងនៅជុំវិញបរិវេណពន្ធនាគារ ដើម្បីគ្រប់គ្រងស្ថានការណ៍៕

ប្រភព៖ Reuters