| |

ឯកឧត្តម ហួត ហាក់៖ ការវិនិយោគក្នុងវិស័យទេសចរណ៍ មិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱកាសការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ស្របតាមចក្ខុវិស័យអាស៊ាន


តបតាមការអញ្ជើញរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងមតិបើកក្នុងកិច្ចប្រជុំតុមូលកម្រិតខ្ពស់ស្តីពី «ទស្សនវិស័យវិនិយោគទេសចរណ៍ប្រកបដោយចីរភាព និងភាពធន់របស់អាស៊ាន ឆ្នាំ២០៣០» ដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ដើម្បីពិភាក្សាអំពីអាទិភាពវិនិយោគក្នុងវិស័យទេសចរណ៍ ការលើកកម្ពស់បរិយាកាសវិនិយោគ និងការជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជា និងក្នុងតំបន់អាស៊ាន។

ក្នុងឱកាសនេះ នៃកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ និងដ៏មានសារៈសំខាន់នេះ គ្រប់ភាគីបានផ្លាស់ប្តូរទស្សនៈ និងស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់ការវិនិយោគក្នុងវិស័យទេសចរណ៍ប្រកបដោយចីរភាព និងភាពធន់។ ដោយឡែក ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មានសក្តានុពលទេសចរណ៍យ៉ាងសម្បូរបែប ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងទេសចរណ៍បៃតង ដែលអាចឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកលនាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ កម្ពុជា ក៏កំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រទាក់ក្រឡាបន្ថែមទៀត និងបង្កើនការតភ្ជាប់ឱ្យកាន់តែច្រើនផ្តល់ភាពងាយស្រួល និងសន្សំសំចៃពេលវេលា ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ។

ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមថា ការវិនិយោគក្នុងវិស័យទេសចរណ៍ មិនត្រឹមតែរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាសំខាន់ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ទេសចរណ៍របស់កម្ពុជា និងអាស៊ានឆ្នាំ២០៣០។

ប្រភព៖ ក្រសួងទេសចរណ៍