ឯកឧត្តម ហួត ហាក់៖ «កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា»
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះកុមារ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការការពារ ថែទាំ និងអភិវឌ្ឍកុមារ។



ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ» និងជាធនធានមនុស្សដ៏មានតម្លៃដែលនឹងក្លាយជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការធានាសិទ្ធិ សុខុមាលភាព ការអប់រំ ការថែទាំសុខភាព និងសុវត្ថិភាពរបស់កុមារ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់ការកសាងធនធានមនុស្សប្រកបដោយគុណភាព និងនិរន្តរភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា សន្តិភាព និងស្ថិរភាពសង្គម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលធានាឱ្យកុមារគ្រប់រូបអាចរស់នៅប្រកបដោយសុវត្ថិភាព ទទួលបានសិទ្ធិពេញលេញ មានឱកាសស្មើគ្នាក្នុងការរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។
ប្រភព៖ ក្រសួងទេសចរណ៍















