|

លោក ស៊ី ជីនពីង ត្រៀមទទួលស្វាគមន៍លោក វ្ល៉ាឌីមៀ ពូទីន មកបំពេញទស្សនកិច្ចនៅចិន សប្តាហ៍នេះ ក្រោយទើបបញ្ចប់កិច្ចប្រជុំកំពូលជាមួយ លោក ដូណាល់ ត្រាំ ត្រឹមរយៈពេលបួនថ្ងៃ!


ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រៀមទទួលស្វាគមន៍ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មកបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង នៅសប្តាហ៍នេះ បន្ទាប់ពីការបញ្ចប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ត្រឹមរយៈពេលបួនថ្ងៃប៉ុណ្ណោះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន មេដឹកនាំទាំងពីរ បានផ្លាស់ប្តូរលិខិតអបអរសាទរ និងបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក ស៊ី ជីនពីង បានលើកឡើងថា “កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងចិន និងរុស្ស៊ី” កាន់តែស៊ីជម្រៅ និងរឹងមាំជាបន្តបន្ទាប់ ខណៈឆ្នាំ២០២៦នេះ គឺជាខួបលើកទី៣០ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចរបស់លោក ពូទីន ត្រូវបានគ្រោងធ្វើឡើងនៅ”ថ្ងៃអង្គារ និងថ្ងៃពុធ” ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចាត់ទុកថា ការទទួលមេដឹកនាំសហរដ្ឋអាមេរិក និងរុស្ស៊ីជាប់ៗគ្នាក្នុងរយៈពេលខ្លី បង្ហាញពីតួនាទីកាន់តែសំខាន់របស់ទីក្រុងប៉េកាំងក្នុងវិស័យការទូតអន្តរជាតិ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី បានកើនឡើងដល់កម្រិតកំណត់ត្រា ដោយចិនបានក្លាយជាអ្នកទិញថាមពលដ៏ធំបំផុតពីរុស្ស៊ី។ តាមទិន្នន័យពីមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត បង្ហាញថា ចិនបាននាំចូលឥន្ធនៈហ្វូស៊ីលពីរុស្ស៊ីមានតម្លៃជាង ៣៦៧ ពាន់លានដុល្លារ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែនមក។

ជាមួយគ្ននេះ អ្នកវិភាគមួយចំនួនយល់ថា កិច្ចពិភាក្សារវាងលោក ស៊ី និងលោក ពូទីន អាចនឹងផ្តោតលើសន្តិសុខថាមពល និងស្ថានភាពតៃវ៉ាន់។ ដោយឡែក ក្រុមអ្នកជំនាញក៏បានលើកឡើងពីសារៈសំខាន់នៃគម្រោងបំពង់បង្ហូរឧស្ម័ន “Power of Siberia 2” ដែលរុស្ស៊ីកំពុងជំរុញឱ្យចិនអនុម័ត ដើម្បីពង្រីកការផ្គត់ផ្គង់ថាមពលរវាងប្រទេសទាំងពីរផងដែរ។

ប្រភព៖ The Guardian