ក្បួនដង្ហែរទិវាជ័យជំនះរបស់រុស្ស៊ី គ្មានរថក្រោះអមដំណើរ ជាសញ្ញាបញ្ជាក់ថា សង្គ្រាមអ៊ុយក្រែននៅតែមិនទាន់បញ្ចប់
ពាក្យ “Pobeda” ដែលមានន័យថា “ជ័យជំនះ” ជាភាសារុស្ស៊ី ត្រូវបានដាក់បង្ហាញយ៉ាងលេចធ្លោលើបដាពណ៌ក្រហម និងអេក្រង់វីដេអូជាច្រើន ក្បែរទីលានក្រហម ក្នុងឱកាសរំលឹកទិវាជ័យជំនះថ្ងៃទី៩ ខែឧសភា ដែលជាថ្ងៃសំខាន់បំផុតមួយសម្រាប់ប្រទេសរុស្ស៊ី ក្នុងការរំលឹកដល់ការបរាជ័យរបស់ អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។



ទោះជាយ៉ាងណា ក្បួនដង្ហែរឆ្នាំនេះត្រូវបានកាត់បន្ថយយ៉ាងគួរឱ្យកត់សម្គាល់។ ជាលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍ គ្រឿងបរិក្ខារយោធាធុនធ្ងន់ រួមមានរថក្រោះ និងមីស៊ីលផ្លោង មិនត្រូវបានដាក់បង្ហាញនៅលើទីលានក្រហមឡើយ ដោយមានតែទាហានចូលរួមដង្ហែប៉ុណ្ណោះ។
អ្នកវិភាគមើលឃើញថា ការកាត់បន្ថយនេះឆ្លុះបញ្ចាំងពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន ដែលបន្តអូសបន្លាយ និងមិនទាន់សម្រេចបានលទ្ធផលដូចការរំពឹងទុករបស់រុស្សី។
សមាជិកសភារុស្ស៊ី លោក Yevgeny Popov បានថ្លែងថា រថក្រោះ និងសម្ភារៈយោធាត្រូវការនៅសមរភូមិច្រើនជាងនៅក្នុងពិធីដង្ហែ។ លោកបញ្ជាក់ថា រុស្ស៊ីកំពុងប្រឈមមុខនឹងសម្ពាធពីអង្គការណាតូ អ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិចជាច្រើនទៀត។
ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ២០២២ សង្គ្រាមបានបន្តអូសបន្លាយអស់រយៈពេលជាងបួនឆ្នាំ។ ក្នុងអំឡុងពេលនោះ រុស្ស៊ីបានបន្តចោទប្រកាន់លោកខាងលិចថាជាអ្នកជំរុញជម្លោះ ខណៈការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលពីអ៊ុយក្រែនបានកើតមានកាន់តែញឹកញាប់នៅក្នុងទឹកដីរុស្ស៊ី។
ដោយឡែក អាជ្ញាធររុស្ស៊ីបានលើកឡើងពី “ការគំរាមកំហែងភេរវកម្ម” ពីអ៊ុយក្រែន ដើម្បីពន្យល់ពីការកាត់បន្ថយទ្រង់ទ្រាយក្បួនដង្ហែរឆ្នាំនេះ។ ដូចគ្នាដែរ ក្រសួងការពារជាតិរុស្ស៊ីក៏បានព្រមានអំពីការវាយប្រហារសងសឹក ប្រសិនបើអ៊ុយក្រែន ហ៊ានវាយប្រហារលើទីក្រុងមូស្គូនៅថ្ងៃទិវាជ័យជំនះ។
ប្រជាពលរដ្ឋរុស្ស៊ីមានមតិខុសៗគ្នាចំពោះការផ្លាស់ប្តូរនេះ។ អ្នកខ្លះយល់ថា ការមិនបង្ហាញគ្រឿងបរិក្ខារយោធាអាចប៉ះពាល់ដល់រូបភាពកម្លាំងរបស់រុស្ស៊ីនៅលើឆាកអន្តរជាតិ ខណៈអ្នកផ្សេងទៀតគាំទ្រវិធានការសន្តិសុខ ដោយយល់ថាការបង្ហាញសម្ភារៈយោធាក្នុងស្ថានភាពបច្ចុប្បន្នអាចបង្កហានិភ័យចំពោះកម្លាំងយោធារុស្សី។
អ្នកសង្កេតការណ៍មួយចំនួនចាត់ទុកក្បួនដង្ហែរដែលត្រូវបានកាត់បន្ថយនេះថា ជាសញ្ញានៃសង្គ្រាមដែលមិនទាន់អាចនាំមកនូវ “ជ័យជំនះ” សម្រាប់រុស្ស៊ីបាន បន្ទាប់ពីការប្រយុទ្ធអស់រយៈពេលជាងបួនឆ្នាំមកនេះ។ ដោយឡែក ជម្លោះនេះក៏បានអូសបន្លាយយូរជាងសង្គ្រាមរវាងសហភាពសូវៀត និង អាល្លឺម៉ង់ ក្នុងអំឡុងឆ្នាំ១៩៤១ ដល់ ១៩៤៥ ផងដែរ។
ទោះបីជាក្បួនដង្ហែរនៅទីលានក្រហមត្រូវបានកាត់បន្ថយក៏ដោយ ពិធីរំលឹកទិវាជ័យជំនះនៅតែត្រូវបានប្រារព្ធធ្វើទូទាំងប្រទេសរុស្ស៊ី ដើម្បីគោរពដល់ពលរដ្ឋសូវៀតប្រមាណ២៧លាននាក់ ដែលបានស្លាប់ក្នុងសង្គ្រាមលោកលើកទី២។
ប្រភព៖ BBC











