|

ជប៉ុនបាញ់មីស៊ីលប្រឆាំងនាវា ជាលើកដំបូង ក្នុងសមយុទ្ធទ្រង់ទ្រាយធំ ជាមួយអាមេរិក ហ្វីលីពីន និងកាណាដា ជិតតំបន់ជម្លោះសមុទ្រចិនខាងត្បូង


កងកម្លាំងការពារខ្លួនជប៉ុនបានបាញ់មីស៊ីលប្រឆាំងនាវាក្រៅទឹកដីរបស់ខ្លួនជាលើកដំបូង កាលពីថ្ងៃពុធ ដោយចូលរួមជាមួយកងកម្លាំងសហរដ្ឋអាមេរិក ហ្វីលីពីន និងកាណាដា ក្នុងសមយុទ្ធយោធាតាមសមុទ្រ “Balikatan” ដែលធ្វើឡើងនៅជិតតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។

ក្នុងអំឡុងសមយុទ្ធ កងកម្លាំងជប៉ុនបានបាញ់មីស៊ីលប្រភេទ Type-88 ចំនួនពីរគ្រាប់ ពីតំបន់ឆ្នេរសមុទ្រភាគពាយ័ព្យនៃកោះលូហ្សុន សំដៅទៅលើនាវាចម្បាំងចាស់មួយរបស់កងទ័ពជើងទឹកហ្វីលីពីន ដែលត្រូវបានដកចេញពីការប្រើប្រាស់ និងដាក់ជាគោលដៅសាកល្បងនៅចម្ងាយប្រមាណ ៥០ ម៉ាយពីឆ្នេរ។

សមយុទ្ធបាញ់គ្រាប់ពិតនេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការពង្រីកតួនាទីយោធារបស់ជប៉ុននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈទីក្រុងតូក្យូកំពុងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយសម្ព័ន្ធមិត្ត ចំពេលភាពតានតឹងកាន់តែកើនឡើងជាមួយប្រទេសចិន។

ប្រព័ន្ធមីស៊ីល Type-88 ត្រួវបានផលិតយ៉ាងយកចិត្តទុកដាក់ និងមានចម្ងាយបាញ់ប្រហែល ១៨០ គីឡូម៉ែត្រ និងធ្លាប់ត្រូវបានប្រើប្រាស់តែក្នុងទឹកដីជប៉ុនប៉ុណ្ណោះ មុនពេលធ្វើសមយុទ្ធលើកនេះ។

ជាមួយគ្នានេះ គោលដៅនៃការបាញ់ប្រហារគឺនាវា BRP Quezon ដែលមានប្រវត្តិយូរអង្វែងតាំងពីសម័យសង្គ្រាមលោកលើកទី២។ នាវានេះត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៤៤ ក្រោមឈ្មោះ USS Vigilance មុនត្រូវផ្ទេរទៅឱ្យហ្វីលីពីននៅឆ្នាំ ១៩៦៧។

សមយុទ្ធនេះក៏មានការចូលរួមពីនាវាចម្បាំងហ្វីលីពីន BRP Miguel Malvar និង BRP Antonio Luna ព្រមទាំងនាវាចម្បាំងកាណាដា HMCS Charlottetown។ ខណៈយន្តហោះចម្បាំង FA-50 និង Super Tucano របស់ហ្វីលីពីន ក៏បានចូលរួមប្រតិបត្តិការជាមួយយន្តហោះល្បាត P-8 Poseidon និងយន្តហោះគ្មានមនុស្សបើក MQ-9 របស់សហរដ្ឋអាមេរិកផងដែរ។

ទន្ទឹមនឹងនេះ កងវរសេនាធំឆ្នេរសមុទ្រម៉ារីនទី៣របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋហាវ៉ៃ បានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស និងប្រឆាំងនាវារួមមាន MADIS និង NMESIS ប៉ុន្តែមិនបានបាញ់ប្រហារនោះទេ។

ដោយឡែក ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បានបន្តតាមដានសមយុទ្ធនេះពីទីស្នាក់ការយោធានៅទីក្រុង Quezon City ខណៈរដ្ឋមន្ត្រីការពារជាតិជប៉ុន Shinjiro Koizumi និងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Gilberto Teodoro បានចូលរួមសង្កេតការណ៍នៅទីតាំងសមយុទ្ធផ្ទាល់។

ជាងនេះទៅទៀត រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Teodoro បានថ្លែងថា សមយុទ្ធនាពេលអនាគតអាចនឹងមានទំហំធំជាងមុន និងមានការចូលរួមពីដៃគូបន្ថែមទៀត មិនត្រឹមតែសម្រាប់ស្ថានការណ៍យោធាប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងការឆ្លើយតបគ្រោះមហន្តរាយផងដែរ

ប្រភព៖ Stars and Stripes