មេដឹកនាំនៃបណ្ដាប្រទេសក្រុមប្រឹក្សាឈូងសមុទ្រ (GCC) ជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត ពិភាក្សាពីវិធានការឆ្លើយតប ទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់!
មេដឹកនាំនៃបណ្ដាប្រទេសសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានជួបប្រជុំគ្នានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីស្ថានការណ៍សន្តិសុខក្នុងតំបន់ និងការឆ្លើយតបទៅនឹងការវាយប្រហារដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់។



ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះបានផ្តោតលើ «ប្រធានបទ និងបញ្ហាសំខាន់ៗទាក់ទងនឹងការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួម»។
ក្នុងអំឡុងពេលជម្លោះកន្លងមក ការវាយប្រហារ បានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅក្នុងបណ្ដាប្រទេស GCC ទាំងប្រាំមួយ ក្នុងគោលដៅជាច្រើនរួមមាន ក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទីតាំងយោធាជាដើម។
ទោះបីជាការវាយប្រហារ បានថយចុះក្រោយពេលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់បទឈប់បាញ់កាលពីថ្ងៃទី៨ ខែមេសា ក៏ដោយ បណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ ព្រោះមានការព្រួយបារម្ភថាជម្លោះអាចកើតឡើងវិញ។ ខណៈពេលនេះ កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់សម្រាប់កិច្ចព្រមព្រៀងអចិន្ត្រៃយ៍មិនទាន់ឈានដល់លទ្ធផលច្បាស់លាស់នៅឡើយទេ។
ដោយឡែក លោក Anwar Gargash មន្ត្រីជាន់ខ្ពស់របស់អារ៉ាប់រួម បានថ្លែងនៅក្នុងសន្និសីទមួយថា ទោះបីបណ្ដាប្រទេស GCC បានគាំទ្រគ្នាទៅវិញទៅមកផ្នែកភស្តុភារ ក៏ដោយ ក៏ជំហររួមទាំងផ្នែកនយោបាយ និងយោធា ត្រូវបានមើលឃើញថានៅមានភាពទន់ខ្សោយក្នុងប្រវត្តិសាស្ត្រ។
ជាមួយគ្នានេះ លោកបានបន្ថែមថា លោកមិនមានការភ្ញាក់ផ្អើលចំពោះជំហរទន់ខ្សោយបែបនេះពីសម្ព័ន្ធអារ៉ាប់ទេ ប៉ុន្តែលោកបានបង្ហាញការភ្ញាក់ផ្អើលចំពោះជំហរដូចគ្នាពី GCC ដោយបញ្ជាក់ថា កិច្ចប្រជុំលើកនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកដំណោះស្រាយរួម ដើម្បីធានាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ឡើងវិញ។
ប្រភព៖ Reuters











