រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីក្រោមឱវាទ កងកម្លាំងពាក់ព័ន្ធ ត្រូវបង្ក្រាប(Online Scams)ឲ្យដល់ឫសគល់ ដោយមិនមានការបង្អែបង្អង់ មិនអត់ឱន ឬលើកលែងឡើយ!
អ្នកនាំពាក្យរាជរដ្ឋាភិបាល នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់ នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។

ចាប់តាំងពីអាណត្តិទី៦ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រោមការដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញឆន្ទៈដ៏រឹងមាំនិងធ្វើការប្តេជ្ញាចិត្តខ្ពស់បំផុត ព្រមទាំងបានធ្វើសកម្មភាពជាក់ស្តែង ក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដោយគ្មានការអត់ឱន និងប្រកបដោយភាពម៉ឺងមាត់បំផុត តាមរយៈសកម្មភាពការងារ។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រី ក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ឱ្យបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ ឫសគល់ដោយមិនមានការបង្អែបង្អង់ មិនអត់ឱន និងមិនលើកលែងឡើយ។ នេះបង្ហាញថា កម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេ ប៉ុន្តែជាប្រទេសដែល កំពុងដឹកនាំការប្រយុទ្ធប្រឆាំងយ៉ាងតឹងរឹង និងសកម្មបំផុតមួយក្នុងតំបន់។



យ៉ាងណាមិញ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ មានដូចជា ១. ច្បាប់ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មានគោលដៅសំខាន់គឺបំពេញចន្លោះប្រហោងតាមរយៈការបង្កើតបទល្មើស ព្រហ្មទណ្ឌថ្មីចំនួន៥ និងបង្កើនទោសធ្ងន់ជាងមុនដើម្បីធានាថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយ បែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញ ២. បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣. អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និង ៤. ប្រកាសអន្តរក្រសួងស្តីពី បែបបទ និងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ។
ជាមួយគ្នានេះ កម្ពុជាបានសហការយ៉ាងសកម្មក្នុងការស្រាវជ្រាវ បង្ក្រាប និងបញ្ជូនជនសង្ស័យ ព្រមទាំងការជួយសង្គ្រោះជនរងគ្រោះ ដែលពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មតាម ប្រព័ន្ធបច្ចេកវិទ្យា។ ការចូលរួមយ៉ាងសកម្មនេះបង្ហាញថា កម្ពុជាមិនត្រឹមតែការពារផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងទូលំទូលាយ ក្នុងការពង្រឹងសន្តិសុខឌីជីថលក្នុងតំបន់និងសកលលោក។
គួររលឹកផងដែរថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធ ទាំងអស់ បន្តខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសនេះ ដោយគ្មានបង្អង់ដៃឡើយ។ សម្តេចធិបតី បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងរដោយគ្មានការ លើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដូចដែលមានមតិមួយចំនួន បានលើកឡើងនោះឡើយ។
ដោយឡែក រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជា ការប្រយុទ្ធប្រឆាំងរយៈពេលវែង ដែលត្រូវការចូលរួមពីគ្រប់ភាគីទាំងក្នុងប្រទេស និងអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសំណូមពរឱ្យសាធារណជន និងសហគមន៍អន្តរជាតិ មេត្តាទទួលស្គាល់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង យ៉ាងសកម្ម និងជាក់ស្តែងរបស់កម្ពុជា ក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ប្រភព៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល















