|

អ្នកវិនិយោគធុរកិច្ច ឬ អ្នកទេសចរណ៍កម្ពុជា ដែលមានបំណងធ្វើដំណើរទៅសហរដ្ឋអាមេរិក នឹងតម្រូវឱ្យដាក់ប្រាក់ធានាទិដ្ឋាការ ១៥ ០០០ ដុល្លារ


យោងតាមការប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹង នៅថ្ងៃទី ១៩ ខែមីនានេះថា បេក្ខជនទិដ្ឋាការធុរកិច្ច/ទេសចរណ៍ (B1/B2)កម្ពុជា ដែលមានបំណងធ្វើដំណើរទៅទឹកដីសហរដ្ឋអាមេរិក នឹងតម្រូវឱ្យដាក់ប្រាក់ធានាទិដ្ឋាការចំនួន ១៥ ០០០ ដុល្លារ ដែលនេះជាកម្មវិធីសាកល្បងប្រាក់ធានា ហើយនឹងមានសុពលភាពចាប់ពី ថ្ងៃ ០២ ខែ មេសា ឆ្នាំ ២០២៦ នេះតទៅ។

ជាមួយគ្នានេះ ស្ថានទូតអាមេរិក ក៏បានបញ្ជាក់ថា បេក្ខជនសុំទិដ្ឋាការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានទិដ្ឋាការ B1/B2 ទៅសហរដ្ឋអាមេរិក នឹងតម្រូវឱ្យដាក់ប្រាក់ធានារហូតដល់ ១៥ ០០០ ដុល្លារសហរដ្ឋអាមេរិក មុនពេលទិដ្ឋាការអាចចេញជូនបាន។

ដោយឡែក ទិដ្ឋាការ (B1/B2) សំដៅទៅលើបេក្ខជនទិដ្ឋាការធុរកិច្ច/ទេសចរណ៍។ ប្រាក់ធានានឹងត្រូវបានប្រគល់ជូនបេក្ខជនវិញ ប្រសិនបើបេក្ខជនគោរពតាមលក្ខខណ្ឌទាំងអស់នៃទិដ្ឋាការ ហើយចាកចេញពីសហរដ្ឋអាមេរិកមុនការផុតកំណត់នៃរយៈពេលដែលអ្នកត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ។

ជាមួយគ្នានេះ ស្ថានទូតក៏បានរំឭក ទៅដល់បេក្ខជនទាំងអស់ កុំឲ្យបង់ប្រាក់ធានាមុនពេលសម្ភាសន៍ និងបញ្ជាក់បន្ថែមថា៖‍ «ការបង់ប្រាក់មុនមិនធានាឲ្យអ្នកទទួលបានទិដ្ឋាការនោះទេ ហើយគេហទំព័រផ្សេងក្រៅពីគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចជាគេហទំព័របោកប្រាស់។ ប្រាក់ដែលបានបង់មុនថ្ងៃសម្ភាសន៍មិនអាចដកវិញបានទេ»។

ប្រភព៖ US. Embassy Phnom Penh, Cambodia