|

ប្រទេសជប៉ុន ព្រមានពីរលកយក្សស៊ូណាមិកម្ពស់៣ម៉ែត្រ ក្រោយជប៉ុនរងគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ នៅថ្ងៃចន្ទនេះ!


យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានប្រកាសនៅរសៀលថ្ងៃចន្ទ ទី២០ ខែមេសា នេះថា រញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័របានវាយប្រហារភាគខាងជើងប្រទេសជប៉ុន និងបានព្រមានភ្លាមៗអំពីរលកយក្សស៊ូណាមិ កម្ពស់៣ម៉ែត្រ អាចនឹងកើតមានឡើងក្នុងខេត្តអ៊ីវ៉ាតេ អាអូម៉ូរី និងហុកកៃដូ។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនគ្រោះរញ្ជួយដីនេះ បានកើតឡើងនៅរសៀលថ្ងៃច័ន្ទនេះ នៅក្នុងដែនទឹកប៉ាស៊ីហ្វិកនៅភាគខាងជើងខេត្តអ៊ីវ៉ាតេ និងមានជម្រៅ ១០គីឡូម៉ែត្រ ដោយការរញ្ជួយដីនេះមានកម្លាំងគ្រប់គ្រាន់ដើម្បីអង្រួនអគារធំៗរហូតដល់ទីក្រុងតូក្យូ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ ហើយអាចនឹងកើតទៅជាគ្រោះស៊ូណាមិមានកម្ពស់ដល់ទៅ ៣ម៉ែត្រផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរជប៉ុនបានអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានបន្ថែមនៃការវិវត្តន៍នៃគ្រោះរញ្ជួយដីនេះ៕

ប្រភព៖ Reuters