|

ទាហានរក្សាសន្តិភាពបារាំងរបស់អង្គការសហប្រជាជាតិ (UNIFIL) ម្នាក់បានស្លាប់ និងបីនាក់ទៀតរងរបួស ក្នុងការវាយប្រហារនៅភាគខាងត្បូងលីបង់


កងកម្លាំងរក្សាសន្តិភាពបារាំងម្នាក់បានស្លាប់ និងបីនាក់ទៀតរងរបួស កំឡុងពេលកងល្បាតរបស់អង្គការសហប្រជាជាតិ (UNIFIL) កំពុងត្រួតពិនិត្យសំណល់មីន និងគ្រឿងផ្ទះនៅលីបង់ ចំពេលមាការបាញ់ប្រហារនៅភាគខាងត្បូងប្រទេសលីបង់ ដែលមន្ត្រីលីបង់បានអះអាងថាជា “ការវាយប្រហារដោយចេតនា”។ គួរបញ្ជាក់ថា ទាហានទាំងនេះ ជាអ្នកបម្រើការងារ ជាមួយកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់។

តាមការបញ្ជាក់ពី UNIFIL ការវាយប្រហារនេះបានកើតឡើងនៅពេលកងល្បាតកំពុងបំពេញបេសកកម្មនៅតំបន់មួយក្នុងភូមិ Ghandouriyah ដើម្បីបោសសម្អាតគ្រាប់រំសេវផ្ទុះ និងភ្ជាប់ផ្លូវទៅកាន់ទីតាំងដាច់ស្រយាលឡើងវិញ។ ក្នុងហេតុការណ៍នេះ កងកម្លាំងរក្សាសន្តិភាពម្នាក់បានស្លាប់ភ្លាមៗ ខណៈបីនាក់ទៀតរងរបួសធ្ងន់។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្កោលទោសការវាយប្រហារនេះ និងបានចោទថា ក្រុម Hezbollah ជាអ្នកនៅពីក្រោយ ប៉ុន្តែក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ បានបដិសេធការចូលរួមណាមួយ និងហៅការចោទប្រកាន់នេះ “គ្មានមូលដ្ឋាន”។

រដ្ឋាភិបាលលីបង់បានបញ្ជាឱ្យបើកការស៊ើបអង្កេត ខណៈប្រធានាធិបតី Joseph Aoun បានថ្កោលទោសការវាយប្រហារ និងសន្យានាំអ្នកបំពានទៅថ្កោលទោសតាមច្បាប់អន្តរជាតិ។ UNIFIL ក៏បានបញ្ជាក់ថា សាកសពកងកម្លាំងរក្សាសន្តិភាពបារាំងនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសបារាំងវិញ។

ហេតុការណ៍នេះកើតឡើងចំពេលភាពតានតឹងនៅភាគខាងត្បូងលីបង់កំពុងកើនឡើង បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងកម្លាំង Hezbollah និងអ៊ីស្រាអែលបានផ្ទុះឡើងវិញ។ កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិបានបន្តប្រឈមមុខនឹងហានិភ័យខ្ពស់នៅតំបន់នេះ ខណៈការបំពេញបេសកកម្មត្រួតពិនិត្យបទឈប់បាញ់ និងស្ថិរភាពតាមព្រំដែនកំពុងបន្ត។

ដោយឡែក UNIFIL ក៏បានព្រមានថា ការវាយប្រហារលើកងកម្លាំងអង្គការសហប្រជាជាតិ អាចត្រូវបានចាត់ទុកថាជាការរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ និងអាចឈានដល់ការកំណត់ថាជាឧក្រិដ្ឋកម្មសង្គ្រាម។

ប្រភព៖ BBC