| |

អ៊ីស្រាអែល កំពុងពង្រីកតំបន់ការពារថ្មីនៅភាគខាងត្បូងលីបង់ ក្រោយដកខ្លួន ២៦ឆ្នាំមុន ដើម្បីទប់ស្កាត់ការគំរាមកំហែងពីក្រុមHezbolla


កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) កំពុងបង្កើតតំបន់សន្តិសុខឡើងវិញនៅភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីបានដកខ្លួនចេញប្រហែល ២៦ឆ្នាំមុន ខណៈមេបញ្ជាការយោធាអះអាងថា លើកនេះស្ថានភាពនឹងខុសពីអតីតកាល និងមិនមានហានិភ័យដូចដែលធ្លាប់ប្រឈមក្នុងអំឡុងឆ្នាំ ១៩៨២ ដល់ ២០០០ ទេ។

ការផ្លាស់ប្ដូរនេះ កើតឡើងក្រោយការកើនឡើងនៃភាពតានតឹងជាមួយក្រុម Hezbollah ដែលបានបន្តវាយប្រហារដោយរ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកលើអ៊ីស្រាអែល ក្នុងបរិបទជម្លោះអ៊ីរ៉ង់ នៅមជ្ឈឹមបូព៌ា។ នៅក្នុងអំឡុងបទឈប់បាញ់រយៈពេល ១០ថ្ងៃ ដែលត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អ្នកសារព័ត៌មានអ៊ីស្រាអែលត្រូវបានអនុញ្ញាតឱ្យចូលទៅតំបន់សន្តិសុខថ្មីនេះជាលើកដំបូង។

កងទ័ព IDF ចំនួនប្រាំកងពល ដែលមានកម្លាំងរាប់ម៉ឺននាក់ កំពុងឈរជើងនៅក្នុងតំបន់ដែលមានព្រំដែនស្រដៀងនឹងតំបន់សន្តិសុខដែលអ៊ីស្រាអែលធ្លាប់គ្រប់គ្រងចន្លោះឆ្នាំ ១៩៨៥ ដល់ ២០០០។ ទោះជាយ៉ាងណា យោធាអ៊ីស្រាអែលមិនប្រើពាក្យ “តំបន់សន្តិសុខ” ទេ ប៉ុន្តែហៅថា “តំបន់ការពារជួរមុខ” ដើម្បីបំបែកពីអតីតកាលដែលមានភាពចម្រូងចម្រាស។

មន្ត្រីយោធាបានបញ្ជាក់ថា គោលបំណងសំខាន់គឺដើម្បីទប់ស្កាត់ការជ្រៀតចូល និងការវាយប្រហារដោយអាវុធប្រឆាំងរថក្រោះពីក្រុម Hezbollah ទៅលើសហគមន៍នៅព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល។ លោកបានបន្ថែមថា គោលដៅចម្បងគឺធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋអ៊ីស្រាអែលនៅតំបន់ព្រំដែន។

មន្ត្រីការពារជាតិអ៊ីស្រាអែលក៏បានបញ្ជាក់ថា ក្នុងដំណើរការបង្កើតតំបន់នេះ កងទ័ពនឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹង Hezbollah ប៉ុណ្ណោះ បើទោះបីមានការព្រួយបារម្ភអំពីការបំផ្លាញភូមិជាច្រើននៅតំបន់ព្រំដែនក៏ដោយ។

មន្ត្រីយោធាបានបញ្ជាក់ពីភាពខុសគ្នាសំខាន់រវាងតំបន់សន្តិសុខថ្មី និងអតីតកាល គឺការខ្វះខាតប្រជាជនស៊ីវិលនៅក្នុងតំបន់នេះ។ ប្រជាជនលីបង់ភាគច្រើនបានជម្លៀសចេញ តាមការបញ្ជារបស់អ៊ីស្រាអែល ដែលធ្វើឱ្យកងទ័ពអាចសម្គាល់ និងទប់ស្កាត់សកម្មភាពរបស់ក្រុម Hezbollah បានងាយស្រួលជាងមុន។

យោធាអ៊ីស្រាអែលជឿជាក់ថា ការខ្វះការគាំទ្រពីប្រជាជនស៊ីវិល នឹងកាត់បន្ថយសមត្ថភាពរបស់ Hezbollah ក្នុងការលាក់ខ្លួន និងអនុវត្តសកម្មភាពប្រឆាំង។

ប្រភព៖ Time of Israel