ឥណ្ឌូណេស៊ីសម្រេចកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល BrahMos ពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្រ និងធ្វើទំនើបកម្មយោធា
តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ី លោក Rico Ricardo Sirait បានប្រកាសជាផ្លូវការ នូវការឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌា ក្នុងការបញ្ជាទិញប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទ BrahMos ដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្រ និងធ្វើទំនើបកម្មគ្រឿងយុទ្ធោបករណ៍យោធាជាតិ។ យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuters និង Jakarta Globe ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កើនសមត្ថភាពរារាំង (Deterrence Capabilities) ក្នុងការការពារអធិបតេយ្យភាពជាតិ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងទីក្រុងហ្សាកាតា និងទីក្រុងញូវដេលីឱ្យកាន់តែស៊ីជម្រៅ។


ទោះបីជាតម្លៃពិតប្រាកដនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការ ប៉ុន្តែរបាយការណ៍កាលពីឆ្នាំ ២០២៣ បានបង្ហាញថា ការចរចាស្ថិតក្នុងរង្វង់ទឹកប្រាក់ចន្លោះពី ២០០ លាន ទៅ ៣៥០ លានដុល្លារអាមេរិក ខណៈដែលព័ត៌មានចុងក្រោយពី South China Morning Post បានប៉ាន់ប្រមាណថាទំហំទឹកប្រាក់អាចហក់ឡើងដល់ ៤៥០ លានដុល្លារអាមេរិក។ ការឈានជើងចូលក្នុងកិច្ចព្រមព្រៀងនេះ បានធ្វើឱ្យឥណ្ឌូណេស៊ីក្លាយជាប្រទេសទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីហ្វីលីពីន ដែលបានបំពាក់នូវប្រព័ន្ធមីស៊ីលទំនើបរបស់ក្រុមហ៊ុន BrahMos ដែលជាសហគ្រាសរួមគ្នារវាងរដ្ឋាភិបាលឥណ្ឌា និងរុស្ស៊ី។
មីស៊ីលប្រភេទនេះមានសមត្ថភាពខ្ពស់ក្នុងការបាញ់ចេញពីដីគោក អាកាស នាវាចម្បាំង និងនាវាមុជទឹក ដែលត្រូវបានគេទទួលស្គាល់ថាជាសព្វាវុធដ៏មានឥទ្ធិពលបំផុតមួយសម្រាប់ការការពារឆ្នេរ និងការវាយប្រហារគោលដៅយុទ្ធសាស្ត្រ។ ការពង្រឹងសមត្ថភាពយោធានេះ បង្ហាញពីការត្រៀមលក្ខណៈរបស់ឥណ្ឌូណេស៊ី ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលនៃសន្តិសុខក្នុងតំបន់ និងការរក្សាតុល្យភាពអំណាចនៅតាមច្រកសមុទ្រយុទ្ធសាស្ត្រនាពេលអនាគត៕
ប្រភព៖ CNA











