ឯកឧត្តម វ៉ាត់ ចំរើន៖ ប្រទេសកម្ពុជាបានប្រើប្រាស់កីឡាជាឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់ការកសាងសន្តិភាព និងការទូត
នេះជាការលើកឡើងរបស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្ដីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ (ASEAN-Japan Action on sports: Gender Equality) នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្នុងសណ្ឋាគារបុរីអង្គរ។
ក្នុងឱកាសនេះ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ប្រតិភូបណ្តាប្រទេសអាស៊ាន និងជប៉ុន ព្រមទាំងវាគ្មិនអន្តរជាតិ គ្រប់គ្នាមានពេលវេលាដ៏អស្ចារ្យនៅក្នុងទីក្រុងប្រវត្តិសាស្ត្រសៀមរាប-អង្គរនេះ។ ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានកោតសរសើរចំពោះវត្តមាន និងការចូលរួមយ៉ាងសកម្មរបស់ប្រតិភូបណ្តាប្រទេសអាស៊ាន និងជប៉ុន ព្រមទាំងវាគ្មិនអន្តរជាតិ នៅក្នុងសិក្ខាសាលា រយៈពេលបីថ្ងៃ ស្ដីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ (ASEAN-Japan Action on sports: Gender Equality) ដែលរួមចំណែកដល់ ក្របខ័ណ្ឌអភិវឌ្ឍន៍កីឡាបែបបរិយាប័ន្ននៅក្នុងអាស៊ានទាំងមូល និងជាពិសេសប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ។



កម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អាស៊ាន ឆ្នាំ២០២៦-២០២៧ប្ដេជ្ញាចិត្តជំរុញមិនត្រឹមតែសមភាពយេនឌ័រក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិស័យអាទិភាពផ្សេងៗទៀត ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍកីឡាប្រកបដោយចីរភាព និងមានទំនួលខុសត្រូវ។ ប្រទេសកម្ពុជាបានប្រើប្រាស់កីឡាយ៉ាងសកម្មជាឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់ការកសាងសន្តិភាព និងការទូត ដែលត្រូវបានបង្ហាញជាឧទាហរណ៍ដោយពាក្យស្លោករបស់ខ្លួនថា “កីឡារស់នៅក្នុងសន្តិភាព” ក្នុងអំឡុងពេលការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។ ពាក្យស្លោកនេះ សង្ខេបពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់កីឡាជាមធ្យោបាយមួយដើម្បីលើកកម្ពស់ការយល់ដឹង ការផ្សះផ្សា និងស្ថិរភាពនៅក្នុងតំបន់ និងក្រៅតំបន់។
ឯកឧត្តមបានបន្ថែមទៀតថា កីឡានឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេស នីមួយៗ ដោយរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជាច្រកឆ្ពោះទៅរកសន្តិភាព និងភាពសុខដុមរមនា។ ប្រទេសកម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ «កីឡារស់នៅក្នុងសន្តិភាព»។ ប្រទេសកម្ពុជាទន្ទឹងរង់ចាំស្វាគមន៍ អ្នកទាំងអស់គ្នានៅក្នុងកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ ក្រោមអធិបតីភាពរបស់កម្ពុជានៃ SOMS-AMMS ឆ្នាំ២០២៦-២០២៧ ដែលនឹងប្រព្រឹត្តទៅនៅទីនេះម្តងទៀត៕
ប្រភព៖ MoEYS















