ទស្សនៈអ្នកនិពន្ធ៖ តើមានគន្លឹះអ្វីខ្លះដើម្បីសរសេរប្រលោមលោកខ្នាតខ្លីឱ្យបានល្អ?


អត្ថបទដោយ៖ ង៉ុយ សារិកា

ភ្នំពេញ៖ ដើម្បីជំរុញលើកកម្ពស់ ថែរក្សាលើវិស័យអក្សរសិល្ប៍ អក្សរសាស្រ្តជាតិ​​ឱ្យកាន់តែមានភាពរីកដុះដាលជាលំដាប់បន្ថែមទៀតក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានចំការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ “ព្រះនាងឥន្រ្ទទេវី” ដើម្បីឱ្យអ្នកដែលស្នេហាខាងវិស័យតែងនិពន្ធនេះមានអទិភាពក្នុងការចូលរួមសាកល្បង និងបញ្ចេញនូវសមត្ថភាពរបស់ខ្លួនផងដែរ។

ការប្រឡងពានរង្វាន់ព្រះនាងឥន្រ្ទទេវី រមែងស្វែងរកឃើញនូវម្ចាស់ជយលាភីជារៀងរាល់ឆ្នាំ។ រាល់កវីអ្នកនិពន្ធដែលជាម្ចាស់ជយលាភីទាំងអស់នោះ គឺពួកគាត់តែងតែមានគន្លឹះពិសេសរៀងៗខ្លួនដែលបង្កប់នៅក្នុងស្នាដៃរបស់ខ្លួនដែលជាភាពលេចធ្លោមួយឈានទៅរកជយលាភី។

តើមានគន្លឹះអ្វីខ្លះដើម្បីសរសេរប្រលោមលោកខ្នាតខ្លីឱ្យបានល្អ?

ថ្ងៃនេះ អ្នកនិពន្ធ កែវ សេងរដ្ឋា ដែលជាម្ចាស់ជយលាភីលេខ១នៃពានរង្វាន់ព្រះនាងឥន្ទ្រទេវីក្នុងឆ្នាំ២០២០ ប្រលោមលោកខ្នាតខ្លីរឿង “ឧត្តមគតិ” គាត់បានមានប្រសាសន៍ចែកករំលែកនូវគន្លឹះផ្ទាល់ខ្លួនទាក់ទងទៅនឹងការសរសេរប្រលោមលោកខ្នាតខ្លីឱ្យបានល្អដូចខាងក្រោម៖

  • ចំពោះខ្ញុំ ខ្ញុំតែងតែគិតដល់គំនិតរឿង មូលន័យ ឬសារអប់រំ នៃប្រលោមលោកខ្នាតខ្លីដែលខ្ញុំនឹងសរសេរនោះ ដែលនេះគឺជាដំណាក់កាលដំបូង។
  • ពេលមានខ្លឹមសារច្បាស់ហើយ ជំហានទីពីរ គឺខ្ញុំចាប់ផ្ដើមរៀបគ្រោងឆ្អឹងថាគួរសរសេរពីណាទៅណា គួរផ្ដើមបែបណា គួរបញ្ចប់បែបណា ឬគួរបញ្ជូនសារទៅកាន់អ្នកអានតាមរបៀបណាឱ្យមានប្រសិទ្ធភាព។
  • ដំណាក់កាលទីបី គឺការសរសេរតែម្ដង ដែលដំណាក់កាលនេះត្រូវការអារម្មណ៍ និងពេលវេលាច្រើនជាងគេ។
  • ដំណាក់កាលចុងក្រោយគេ គឺការកែសម្រួលស្នាដៃដែលបានសរសេររួចគ្រប់យ៉ាង ដើម្បីឱ្យប្រាកដថា ស្នាដៃមានបញ្ហាតិចតួចបំផុត។ ចំពោះស្នាដៃដាក់ប្រកួតពានរង្វាន់អក្សរសិល្ប៍ គួរតែជាស្នាដៃបែបប្រាកដនិយម គំនិតរឿងគួរតែមានទម្ងន់ បង្កប់ន័យអប់រំជាសកលសម្រាប់មនុស្សគ្រប់គ្នាជាជាងសម្រាប់តែបុគ្គលមួយក្រុម។ ចំណោទបញ្ហានៃរឿងគួរតែឆ្លុះបញ្ចាំងពីបញ្ហាសង្គមនាពេលបច្ចុប្បន្ន ផ្សាភ្ជាប់ជាមួយដំណោះស្រាយសមហេតុផល និងប្រកបដោយសន្ដិភាព។ វិសេសភាពនៃស្នាដៃ ជាចំណុចសំខាន់មួយទៀត ដែលធ្វើឱ្យស្នាដៃកាន់តែមានភាពលេចធ្លោ។

គួរបញ្ជាក់ផងដែរថា អ្នកនិពន្ធ កែវ សេងរដ្ឋាក្រៅពីស្នាដៃនិពន្ធខាងលើ លោកក៏ធ្លាប់មានស្នាដៃនិពន្ធផ្សេងៗទៀតដូចជា៖

  • ប្រលោមលោករឿង “បេសកកម្មបេះដូង” ជយលាភីលេខ៤ ពានរង្វាន់លោក លី ធាមតេង ឆ្នាំ២០១៨
  • កំណាព្យទំនើបនិយម “សុរិយា” ជយលាភីលេខ ៣ ពានរង្វាន់មហោស្រពអក្សរសិល្ប៍ឆ្នាំ២០១៨

ស្នាដៃដែលធ្លាប់ចេញផ្សាយជាសៀវភៅកន្លងមករួមមាន៖

– សំឡេងខ្សឹប

– ហឫទ័យ

– បែបណាទើបល្អ?

– ស្នាដៃសហនិពន្ធ៖ មន្តទឹកខ្មៅ ព្រៃរំដួល និងខ្មាសខ្លួនឯង។

ជាចុងបញ្ចប់ យើងខ្ញុំសូមថ្លែងអំណរគុណដល់ លោក កែវ សេងរដ្ឋា ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីធ្វើការចែករំលែកនូវគំនិត ក៏ដូចជាគន្លឹះផ្ទាល់ខ្លួនក្នុងការសរសេរប្រលោមលោកខ្នាតខ្លីឱ្យបានល្អដូចដែរបានរៀបរាប់មកពីខាងលើ។ យើងខ្ញុំសង្ឃឹមថា ចំណេះដឹងថ្មីមួយនេះនឹងក្លាយទៅជាប្រយោជន៍ដ៏អស្ចារ្យក្នុងការចម្រើនវិជ្ជាដល់សំណាក់ប្រិយមិត្តអ្នកអាន អ្នកសិក្សាគ្រប់មជ្ឈដ្ឋាន និងរួមគ្នាដើម្បីលើកស្ទួយនូវអក្សរសាស្រ្ត អក្សរសិល្ប៍ជាតិនៃកម្ពុជាឱ្យកាន់តែថ្កុំថ្កើង រុងរឿង ជាអមតៈតរៀងទៅ៕

កែសម្រួលដោយ៖ BRANDMEDIA