អាថ៌កំបាំងក្នុងការសរសេរកំណាព្យរឿងឱ្យបានល្អ
អត្ថបទដោយ៖ ង៉ុយ សារិកា
ជើងកាព្យល្អបូកនឹងសាច់រឿងល្អ នឹងនាំឱ្យយើងអាចបង្កើតបានជាកំណាព្យរឿងល្អ។ អ្វីទៅហៅថាកំណាព្យរឿងល្អ? ពោលគឺមិនត្រឹមតែមានរណ្ដំណែងណង ចុងចួនល្អនោះទេ តែសាច់រឿងក៏ត្រូវមានលក្ខណៈវិសេសប្លែកនិងបង្កប់នូវតម្លៃអប់រំផងដែរ។ ការបង្កើតសារអប់រំនៅក្នុងកំណាព្យរឿងមិនពិបាកនោះទេ តែអ្វីដែលសំខាន់ គឺសារអប់រំដែលមិនប្រាសចាកពីខ្លឹមសារសំខាន់ក្នុងសាច់រឿង។
កវីស្រីរូបស្រស់សោភាម្នាក់ដែលជាម្ចាស់ជ័យលាភីលេខ១ចំនួនពីរឆ្នាំជាប់គ្នា គឺក្នុងឆ្នាំ២០១៩ ជ័យលាភីលេខ១ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឆ្នាំ២០២០ ជ័យលាភីលេខ១ ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ កវីស្រីរូបនេះមានឈ្មោះថា លឹម ផាន់ណា ។
តើមានអាថ៌កំបាំងឬវិធីសាស្រ្តអ្វីខ្លះក្នុងការសរសេរកំណាព្យរឿងឱ្យបានល្អ?
កវី លឹម ផាន់ណា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីឱ្យកំណាព្យរឿងមានលក្ខណៈប្លែក អ្នកនិពន្ធគប្បីចេះរុករកវិធីសាស្រ្ដបង្កើតចំណោទបញ្ហា និងចងសាច់រឿងឱ្យបានល្អទៅតាមគំនិតច្នៃប្រតិដ្ឋរបស់ខ្លួន ពោលគឺចេះលាក់សាច់រឿង និងបង្ហាញដំណោះស្រាយសមហេតុផល»។ លើសពីនេះផងដែរកវីរូបនេះបានបន្ថែមទៀតថា «ការសរសេរសាច់រឿងបែបណា គឺជាសេរីភាពរបស់អ្នកនិពន្ធតែការបង្កើតកំណាព្យរឿងឱ្យបានល្អមិនមែនជាការងាយស្រួលនោះទេ។ នេះហើយជាហេតុផលដែលកវីនិពន្ធមួយចំនួនដែលមានសមត្ថភាពតែងកំណាព្យបានល្អ តែបែរជាមិនអាចរកសាច់រឿងល្អបាន ឬមានសាច់រឿងល្អហើយតែខ្វះសិល្ប៍វិធីក្នុងការសរសេរឱ្យមានភាពទាក់ទាញ»។
ដើម្បីសរសេរកំណាព្យរឿងបានល្អ យើងគួរផ្ដោតលើពីរចំណុចសំខាន់ដូចខាងក្រោម៖
១/ ក្បួនតែងកំណាព្យ៖ អ្នកនិពន្ធត្រូវច្បាស់ពីរង្វាស់កាព្យ ចង្វាក់ចុងចួន ប្រភេទបទ បរិយាកាស។ ជាទូទៅ ការបង្កើតនូវកំហុសឆ្គងក្នុងចំណាប់ចួនជារឿងចៀសមិនផុតដូចជា ការចួនរវាងសូរ អនិងអ៊ ឬសូររលឿជាដើម។ តែការចៀសបានគឺជារឿងល្អបំផុត។ អ្នកនិពន្ធគប្បីអានស្នាដៃកំណាព្យឱ្យបានច្រើន ឬចេះពាក្យឱ្យបានច្រើនទើបមិនទាល់ក្នុងការចងពាក្យចួននៅក្នុងស្នាដៃកំណាព្យរឿងរបស់ខ្លួន។ អ្នកនិពន្ធខ្លះចំណាយពេលវេលាច្រើនក្នុងការបង្កើតឱ្យបានច្រើនបទក្នុងកំណាព្យរឿងរបស់ខ្លួន តែធ្វេសប្រហែសពុំបានចំណាយពេលក្នុងការគិតអំពីសាច់រឿងឱ្យបានល្អ។
២/ គំនិតរឿង៖ អ្នកដែលចេះសរសេររឿងជាពាក្យរាយ ងាយក្នុងការបង្កើតរឿងជាពាក្យកាព្យ។ តែមិនប្រាកដថា អ្នកដែលអាចនិពន្ធរឿងជាពាក្យកាព្យ សុទ្ធតែបង្កើតបបាននូវកំណាព្យរឿងដ៏ល្អនោះទេ។ ដើម្បីរកបានគំនិតរឿងល្អ អ្នកនិពន្ធត្រូវចេះសន្សំគំនិតសម្រាប់ខ្លួនឯង ដែលគំនិតទាំងនោះកើតចេញពីការអានសៀវភៅ មើលភាពយន្ត និងសង្កេតទៅលើព្រឹត្តិការណ៍នានាដែលកើតឡើងនៅក្នុងសង្គម។ អ្នកនិពន្ធដែលមានគំនិតច្នៃប្រតិដ្ឋ ចេះច្បិចយកជ្រុងណាមួយនៃសង្គមមកបំបែកជាសាច់រឿង។ អ្នកនិពន្ធមិនគួរចម្លងគំនិតរឿង ចេញពីវីដេអូអប់រំណាមួយដែលគេបានធ្វើរួចនោះទេ។ អាស្រ័យហេតុនេះហើយអ្នកនិពន្ធគួរចំណាយពេលសិក្សាជំនាញបន្ថែមទៀតទៅលើវិជ្ជាតែងនិពន្ធ ឬឈ្វេងយល់របៀបនៃការសរសេរពីស្នាដៃល្អៗរបស់អ្នកនិពន្ធដែលមានជំនាញច្បាស់លាស់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកវី លឹម ផាន់ណា អ្នកនិពន្ធ Freelance ក្នុងការងារណាទាំងឡាយដែលទាក់ទងនឹងការនិពន្ធ គឺកវី លឹម ផាន់ណា ទទួលធ្វើទាំងអស់ដូចជា និពន្ធអត្ថបទភាពយន្ត ស្ប៉តអប់រំ ទំនុកច្រៀង ល្ខោននិយាយ។ល។ ក្រៅពីជ័យលាភីលេខ១ដែលបានរៀបរាប់ទាំងពីរខាងលើនេះមក កវី លឹមផាន់ណា ក៏ធ្លាប់ទទួលបានជ័យលាភីជាច្រើនផ្សេងទៀតដូចជា៖
- ២០១១: ជ័យលាភីលេខ៣ ផ្នែកសំណេរអត្ថបទ ស្តីអំពី “ការផ្សះផ្សាជាតិនិងតួនាទីយុវជនក្នុងការផ្សះផ្សាផ្លូវចិត្តជនរងគ្រោះក្រោយរបបខ្មែរក្រហម” ដែលរៀបចំដោយអង្គការ YRDP
- ២០១២: ជ័យលាភីលេខ២ ផ្នែកកំណាព្យ ក្រោមប្រធានបទ “អំណាចទឹកចិត្ត” ដែលរៀបចំដោយសមាគមអ្នកសាបព្រោះ (មានអ្នកគ្រូ កែវ ចន្ទបូរណ៍ ជាអ្នកដឹកនាំ)
- ២០១៣: ជ័យលាភីលេខ២ ផ្នែកទំនុកច្រៀង ស្តីអំពី “ធនធានធម្មជាតិ” ដែលរៀបចំដោយអង្គការ KYSD
- នៅឆ្នាំ២០១៨: ជ័យលាភីលេខ២ ផ្នែកកំណាព្យរឿង “ម្លប់ជីវិត” ពានរង្វាន់ លី ធាមតេង រៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
- ២០១៩: ជ័យលាភីលេខ៣ ផ្នែករឿងខ្លី ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យ ក្រោមប្រធានបទ “ពុទ្ធទស្សនៈក្នុងការអភិវឌ្ឍសង្គមខ្មែរ”
- ២០១៩: ជ័យលាភីលេខ២ ផ្នែករឿងខ្លី រង្វាន់មហោស្រពអក្សរសិល្ប៍លើកទី៣។
កំណាព្យខ្មែរ គឺជាផ្នែកមួយដ៏សំខាន់និងមានតម្លៃបំផុតនៃអក្សរសិល្ប៍ខ្មែរក៏ដូចជានៅក្នុងផ្នែកវប្បធម៌ទាំងមូល ដូចនេះសូមបងប្អូនជនរួមជាតិរួមដៃគ្នាថែរក្សា និងអភិរក្សកេរមរតករបស់បុព្វបុរសខ្មែរយើងនេះឱ្យបានស្ថិតស្ថេរគង់វង្សជាអមតៈតរៀងទៅ។ ការចែករំលែកនូវគន្លឹះនៃការសរសេរអត្ថបទកំណាព្យឱ្យបានល្អនេះ យើងខ្ញុំសង្ឃឹមថានឹងក្លាយទៅជាប្រយោជន៍ និងចំណេះដឹងដែលថ្មីដល់ប្រិយអ្នកអាន អ្នកសិក្សាទាំងឡាយផងដែរ។