|

លោកជំទាវ ម៉ាលី សុជាតា៖ កម្ពុជា–ថៃ បន្តពិភាក្សាលើនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ក្រុមការងារសម្របសម្រួលចម្រុះ ដោះមីនមនុស្សធម៌


នៅព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៥ នេះ ក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordination Task Force – JCTF) របស់ប្រទេសកម្ពុជា និងថៃ បានចូលរួមជួបប្រជុំលើកទី២ តាមប្រព័ន្ធវីដេអូ (VTC) ដើម្បីបន្តពិភាក្សាអំពីការរៀបចំ និងបង្កើតនិយាមនីតិវិធីប្រតិបត្តិ (Standard Operating Procedures – SOP) របស់ក្រុមការងារនេះ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ការជួបប្រជុំដ៏សំខាន់នេះ មានគោលបំណងក្នុងការបន្តពិភាក្សា និងសម្របសម្រួលលើឯកសារ SOP បន្ទាប់ពីភាគីទាំងពីរ បានផ្លាស់ប្តូរ និងកែសម្រួលឯកសារនេះរួចរាល់ចំនួនពីរលើកមកហើយ។

លោកជំទាវក៏បាន បញ្ជាក់ថា ការរៀបចំនិយាមនីតិវិធីប្រតិបត្តិ (SOP) នេះ គឺមានបំណងធានាឱ្យមានបែបបទការងារដែលមានស្តង់ដារសមរម្យ ស្របតាមគោលការណ៍អន្តរជាតិ និងបង្ហាញពីការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងពីរ។ កិច្ចការងារនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម និងការពារជីវិតប្រជាពលរដ្ឋនៅតំបន់ដែលត្រូវរងផលប៉ះពាល់ដោយសារគ្រាប់មីនដែលនៅសល់ពីសង្គ្រាមកាលពីអតីតកាល។

គួររំលឹកថា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា–ថៃ ត្រូវបានបង្កើតឡើងស្របតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (General Border Committee – GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតក្រុមការងារនេះគឺជាជំហានសំខាន់មួយក្នុងការរួមដៃរវាងប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាមីន និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។

ប្រភព៖ ក្រសួងការពារជាតិ